Khmer suport khmer cc time

ទីក្រុង Marseille របស់បារាំងត្រៀមខ្លួនទប់ទល់នឹងភាពចលាចលបន្ថែម ខណៈអាជីវកម្មរាប់រយខូចខាត និងប៉ូលិសរងរបួសជាច្រើននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បារាំង៖ ទីក្រុង Marseille នៃប្រទេសបារាំងនៅតែបន្តស្ថិតក្នុងភាពតានតឹងនិងកំពុងត្រៀមលក្ខណៈទប់ទល់នឹងភាពវឹកវរបន្ថែមទៀត បន្ទាប់ពីការតវ៉ារបស់សិស្សានុសិស្សត្រូវបានជ្រៀតជ្រែក និងប្រែក្លាយទៅជាអំពើហិង្សាដ៏អាក្រក់ធ្ងន់ធ្ងរបំផុតកាលពីចុងសប្តាហ៍។ ទីក្រុងធំទីពីររបស់ប្រទេសបារាំងមួយនេះ បានរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយមានអាជីវកម្មជាង ៥០០ កន្លែងរងការខូចខាត និងត្រូវបានគេលួចប្លន់ទ្រព្យសម្បត្តិ ខណៈដែលបង្អួចត្រូវបានបែកបាក់ និងទ្វារហាងត្រូវយកក្តារមកបិទបាំង។ មន្ត្រីសហជីពប៉ូលិសបានរៀបរាប់ពីស្ថានភាពនោះថាវាប្រៀបបាននឹង «ថ្ងៃវិនាសកម្ម» សម្រាប់កងកម្លាំង ដោយមានប៉ូលិសចំនួន ១១៨ នាក់បានរងរបួស និងមនុស្សចំនួន ១០១ នាក់នៅទីក្រុងនេះត្រូវបានចាប់ខ្លួន ដែលក្នុងនោះមួយភាគបួនជាអនីតិជន។

អាជ្ញាធរបារាំងបានដាក់ចេញនូវវិធានការតឹងរ៉ឹងដោយហាមឃាត់ការតវ៉ា និងការជួបជុំគ្នារយៈពេល ៨ ម៉ោងកាលពីថ្ងៃចន្ទ ដែលធ្វើឱ្យស្ថានការណ៍នៅលើដងផ្លូវធូរស្រាល និងពោរពេញដោយវត្តមានកងកម្លាំងសន្តិសុខ។វិធានការសន្តិសុខនឹងនៅតែបន្តពង្រឹង ដោយបទបញ្ជាហាមឃាត់ការចេញក្រៅនៅពេលយប់សម្រាប់អនីតិជន នឹងត្រូវអនុវត្តនៅក្នុងតំបន់មួយចំនួននៃទីក្រុងចាប់ពីល្ងាចថ្ងៃអង្គារតទៅ ខណៈដែលបម្រាមគោចរនៅទីក្រុងប៉ារីសក៏ត្រូវបានពន្យារពេលបន្ថែម។

គួររម្លឹកថាមហាកុបកម្មនៅប្រទេសបារាំងនៅទីក្រុងធំៗជាច្រើនរួមមានទីក្រុងប៉ារីស (Paris) ទីក្រុងលីម៉ូស (Limoges) ទីក្រុងម៉ាសៃ (Marseille) ទីក្រុងលីយ៉ុង (Lyon) ទីក្រុងណង់តេស (Nantes) ទីក្រុងនីស (Nice) និង ប៊រដូ (Bordeaux) ដោយមានមនុស្សប្រមាណ ២៨០០នាក់ត្រូវបានចាប់ខ្លួន ដើមហេតុដែលនាំឱ្យមានកុបកម្ម និងការតវ៉ាយ៉ាងខ្លាំងក្លានេះ បានវិវត្តចេញពីការប្រមូលផ្តុំតវ៉ាតាមដងផ្លូវ និងការបិទផ្លូវនៅតាមសាលារៀនអស់រយៈពេល ៤ សប្តាហ៍មកហើយ ដោយសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាល ដើម្បីទាមទារឱ្យមានការបន្ថែមគ្រូបង្រៀន ជួសជុលសាលារៀនដែលទ្រុឌទ្រោម និងផ្តល់ថវិកាបន្ថែមសម្រាប់សេវាសាធារណៈ។ ចលនានេះបានរីករាលដាលទៅជាការតវ៉ាប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយក្នុងជីវភាពរស់នៅ ដំបូងឡើយការដើរក្បួនដោយសន្តិវិធីកាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ត្រូវបានជ្រៀតជ្រែកដោយក្រុមបង្កចលាចល និងក្រុមចោរប្លន់ពាក់ម៉ាស់ ដែលបានវាយប្រហារលើអគាររដ្ឋ ដុតបំផ្លាញស្ថានីយរថយន្តក្រុង វាយបំបែកកញ្ចក់ហាង និងលួចយកទំនិញនៅតាមទីក្រុងធំៗដូចជា ប៉ារីស ប៊រដូ នីស និងម៉ាសៃ ជាដើម។ នៅទីក្រុង Limoges អគារសាលាក្រុងសាងសង់តាំងពីសតវត្សរ៍ទី ១៩ ត្រូវបានគេសម្រុកចូលដុតបំផ្លាញ និងគំរាមសម្លាប់បុគ្គលិកថែរក្សាអគារ៕

Khcct banner

អត្ថបទទាក់ទង