Khmer suport khmer cc time

បារាំង ចាប់ខ្លួនជនសង្ស័យ«ដុតសាលាក្រុង Limoges »អាយុកាលជាង១០០ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉ារីស៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចបារាំងចាប់ខ្លួន ក្រោយពីអគាររដ្ឋបាលក្រុង (City Hall) សម័យសតវត្សរ៍ទី១៩ ដ៏ចំណាស់មួយក្នុងទីក្រុងលីមូហ្សែស (Limoges) ត្រូវ បានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបាក់រលំដំបូល ក្នុងអំឡុងពេលនៃការផ្ទុះកុប្បកម្មយ៉ាងខ្លាំងក្លាកាលពីចុងសប្តាហ៍កន្លងទៅ។ ប្រព័ន្ធផ្សព្វផ្សាយបារាំង FranceInfo និង BFM TV បានបញ្ជាក់ថា ជនសង្ស័យអាយុ ៣៤ឆ្នាំរូបនេះ គឺជាបុគ្គលម្នាក់ដែលប៉ូលិសស្គាល់ច្បាស់ពីប្រវត្តិប្រើប្រាស់អំពើហិង្សាលើមន្ត្រីសាធារណៈ និងស្ថិតក្នុងបញ្ជីឃ្លាំមើលសន្តិសុខជាតិរបស់បារាំង (Watchlist)។ គួរបញ្ជាក់ថាបាតុកម្មទូទាំងប្រទេសបារាំងនេះ បានបណ្តាលឱ្យមនុស្សជាង ២,៨០០នាក់ត្រូវបានឃាត់ខ្លួន និងប៉ូលិសប្រមាណ ១០០,០០០នាក់បានរងរបួស។

នាយករដ្ឋមន្ត្រីបារាំង លោក បាស្ទ្រីន លេខនូ (Sébastien Lecornu) បានប្តេជ្ញាដាក់ពង្រាយកងកម្លាំងប៉ូលិសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការតវ៉ាទ្រង់ទ្រាយធំបន្ថែមទៀតដែលបានគ្រោងទុកនៅថ្ងៃសៅរ៍ខាងមុខ ដោយមានការសម្រេចដាក់ចេញនូវបទបញ្ជាហាមឃាត់ការធ្វើចរាចរណ៍ពេលយប់ (Curfews) នៅក្នុងទីក្រុងធំៗជាច្រើន រួមមាន ទីក្រុងប៉ារីស ម៉ាក្សីយ (Marseille) លីយ៉ុង (Lyon) ណាយ(Nice) លី (Lille) និងបដូ (Bordeaux)។

ក្រុមបាតុករ «អាវកាក់លឿង» (Gilets Jaunes) ដែលធ្លាប់បង្កើតចលនាតវ៉ាដ៏ធំប្រចាំប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៨ បានប្រកាសរៀបចំយុទ្ធនាការតវ៉ាសារជាថ្មី «វគ្គ២ (Act II)» នៅចុងសប្តាហ៍នេះ ខណៈដែលក្រុមសហជីពធំ La CGT ក៏បានកោះហៅឱ្យមាន ការធ្វើកូដកម្មឈប់ធ្វើការងារទ្រង់ទ្រាយធំ នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។

គួររម្លឹកថាមហាកុបកម្មនៅប្រទេសបារាំងនៅទីក្រុងធំៗជាច្រើនរួមមានទីក្រុងប៉ារីស (Paris) ទីក្រុងលីម៉ូស (Limoges) ទីក្រុងម៉ាសៃ (Marseille) ទីក្រុងលីយ៉ុង (Lyon) ទីក្រុងណង់តេស (Nantes) ទីក្រុងនីស (Nice) និង ប៊រដូ (Bordeaux) ដោយមានមនុស្សប្រមាណ ២៨០០នាក់ត្រូវបានចាប់ខ្លួន ដើមហេតុដែលនាំឱ្យមានកុបកម្ម និងការតវ៉ាយ៉ាងខ្លាំងក្លានេះ បានវិវត្តចេញពីការប្រមូលផ្តុំតវ៉ាតាមដងផ្លូវ និងការបិទផ្លូវនៅតាមសាលារៀនអស់រយៈពេល ៤ សប្តាហ៍មកហើយ ដោយសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាល ដើម្បីទាមទារឱ្យមានការបន្ថែមគ្រូបង្រៀន ជួសជុលសាលារៀនដែលទ្រុឌទ្រោម និងផ្តល់ថវិកាបន្ថែមសម្រាប់សេវាសាធារណៈ។ ចលនានេះបានរីករាលដាលទៅជាការតវ៉ាប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយក្នុងជីវភាពរស់នៅ ដំបូងឡើយការដើរក្បួនដោយសន្តិវិធីកាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ត្រូវបានជ្រៀតជ្រែកដោយក្រុមបង្កចលាចល និងក្រុមចោរប្លន់ពាក់ម៉ាស់ ដែលបានវាយប្រហារលើអគាររដ្ឋ ដុតបំផ្លាញស្ថានីយរថយន្តក្រុង វាយបំបែកកញ្ចក់ហាង និងលួចយកទំនិញនៅតាមទីក្រុងធំៗដូចជា ប៉ារីស ប៊រដូ នីស និងម៉ាសៃ ជាដើម។ នៅទីក្រុង Limoges អគារសាលាក្រុងសាងសង់តាំងពីសតវត្សរ៍ទី ១៩ ត្រូវបានគេសម្រុកចូលដុតបំផ្លាញ និងគំរាមសម្លាប់បុគ្គលិកថែរក្សាអគារ៕ 

Khcct banner

អត្ថបទទាក់ទង