Khmer suport khmer cc time

ក្រុមឆបោក Online Scams ១០នាក់ ត្រូវបានចាប់ខ្លួន នៅទីក្រុងបាងកក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ កម្លាំងសមត្ថកិច្ចថៃ និងកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ បានបើកយុទ្ធនាការទ្រង់ទ្រាយធំចុះឆ្មក់បង្ក្រាបបណ្តាញក្រុមឧក្រិដ្ឋកម្មឆបោកឆ្លងដែនមួយកន្លែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ក្នុងទីក្រុងបាងកក ក្រោមការខូចខាតទឹកប្រាក់រាប់រយលានបាត។ ការិយាល័យអន្តោប្រវេសន៍ថៃ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ជនជាតិកូរ៉េខាងត្បូង ៨នាក់ និងជនជាតិចិន ២នាក់។កំឡុងពេលចុះប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ និងទូរស័ព្ទដៃជាង ១០គ្រឿង ដែលក្រុមឧក្រិដ្ឋជនកំពុងប្រើប្រាស់សម្រាប់ធ្វើសកម្មភាពទាក់ទងបោកប្រាស់ជនរងគ្រោះ។

យោងតាមការចុះផ្សាយរបស់កាសែត The Star ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយស្នងការការិយាល័យអន្តោប្រវេសន៍ថៃ ដោយមានកិច្ចសហការជាមួយប៉ូលិស និងកុងស៊ុលកូរ៉េខាងត្បូងប្រចាំប្រទេសថៃ តាមរយៈការឆ្មក់ចូលទីតាំងគោលដៅចំនួន ៣ កន្លែង រួមមានតំបន់ឡាតផ្រាវ-ហួយខ្វាង, វ៉ាចារ៉ាផុន-ឆាទុចូត ក្នុងខណ្ឌសាយម៉ៃ និងតំបន់រ៉ាចាដា-រ៉ាម៉ា ៩។

លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថា ជនជាតិចិនទាំងពីរនាក់ដើរតួជាមេក្លោង និងជាគ្រូបណ្តុះបណ្តាល ដោយបង្រៀនល្បិចកលបោកប្រាស់ដល់បក្ខពួកជនជាតិកូរ៉េ តាមរយៈការក្លែងបន្លំជាព្រះរាជអាជ្ញាជាន់ខ្ពស់ គំរាមកំហែង និងផ្ញើដីកាចាប់ខ្លួនក្លែងក្លាយពាក់ព័ន្ធនឹងបទល្មើសលាងលុយកខ្វក់ ព្រមទាំងប្រើប្រាស់ល្បិចស្នេហាអនឡាញ (Romance Scams) មុននឹងផ្ញើតំណភ្ជាប់ខុសច្បាប់ដើម្បីលួចប្លន់ប្រាក់។

មន្ត្រីនគរបាលអន្តោប្រវេសន៍ថៃ បានទម្លាយថា ក្រុមឧក្រិដ្ឋជននេះបានចូលមកប្រទេសថៃតាមរយៈទិដ្ឋាការទេសចរណ៍ ដោយគ្មានប្រវត្តិឧក្រិដ្ឋកម្ម ឬនិវេទក្រហមរបស់អង្គការអន្តរប៉ូល (Interpol Red Notices) នោះឡើយ ដោយពួកវាបានជួលផ្ទះប្រណិតមួយកន្លែងស្ថិតនៅតំបន់វ៉ាចារ៉ាផុន ក្នុងខណ្ឌសាយម៉ៃ ក្នុងតម្លៃ ១៥ម៉ឺនបាតក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែតុលា ដើម្បីធ្វើជាមជ្ឈមណ្ឌលបញ្ជា។

បច្ចុប្បន្ន ការិយាល័យអន្តោប្រវេសន៍ថៃ បានដកហូតទិដ្ឋាការរបស់ជនសង្ស័យទាំង ១០នាក់ និងឃុំខ្លួនដើម្បីកសាងសំណុំរឿងតាមច្បាប់ថៃ។ភាគីទាំងពីរំពឹងថានឹងសហការគ្នាបន្តតាមដានប្រតិបត្តិការហិរញ្ញវត្ថុ និងរៀបចំបញ្ជូនខ្លួនទៅកាត់ទោសតាមនីតិវិធីអន្តរជាតិ ដោយស្នងការអន្តោប្រវេសន៍ថៃ បានបញ្ជាក់យ៉ាងដាច់អហង្ការថា ប្រទេសថៃស្វាគមន៍ភ្ញៀវទេសចរ ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យប្រទេសក្លាយជាទីជម្រក ឬជាទីតាំងប្រតិបត្តិការសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែនឡើយ៕

Khcct banner

អត្ថបទទាក់ទង