Khmer suport khmer cc time

កូរ៉េខាងជើងបញ្ជា ឱ្យកងទ័ពនៅតាមព្រំដែនចាត់វិធានការបន្ទាន់ បើកូរ៉េខាងត្បូងគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ថា ទីក្រុងព្យុងយ៉ាងបានចេញបញ្ជាឱ្យកងទ័ពរបស់ខ្លួនដែលឈរជើងនៅតាមបណ្តោយព្រំដែន ចាត់វិធានការឆ្លើយតប «យ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់» ប្រសិនបើកងកម្លាំងកូរ៉េខាងត្បូងធ្វើសកម្មភាពគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេ។ បញ្ហានេះបានធ្វើឱ្យហានិភ័យនៃការប៉ះទង្គិចគ្នាតាមខ្សែបន្ទាត់ព្រំដែនកើនឡើងយ៉ាងខ្លាំង ពោលគឺត្រឹមមួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូលបានសន្យាដាក់ទណ្ឌកម្ម «យ៉ាងម៉ឺងម៉ាត់» ចំពោះរាល់ការបង្កហេតុយោធាបន្ថែមទៀតពីសំណាក់ភាគីខាងជើង។

យោងតាម KCNA លោក Pak Jong Chon មេទ័ពជាន់ខ្ពស់កូរ៉េខាងជើង អមដំណើរដោយលោកស្រី Kim Yo Jong ប្អូនស្រីបង្កើតរបស់លោក Kim Jong Un បានចុះត្រួតពិនិត្យការសាងសង់បន្ទាយការពារព្រំដែនកាលពីថ្ងៃអង្គារ ទី២០ ខែតុលា ដោយលោកស្រី Kim Yo Jong បានបញ្ជាក់ថាកងកម្លាំងកាំភ្លើងធំថ្មីៗបានចូលកាន់កាប់ទីតាំងបាញ់នៅតាមព្រំដែនរួចរាល់ហើយ។ ទន្ទឹមនឹងនេះ ភាគីកូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់របស់កូរ៉េខាងត្បូង ដែលថាទាហានជើងគោករបស់ខ្លួនបានរំលោភបំពានខ្សែបន្ទាត់កំណត់ព្រំដែនយោធា (MDL) ប្រហែល ៥០ លើក និងបានដំឡើងគ្រាប់មីនបង្កឱ្យមានការផ្ទុះ ដោយលោក Pak បានចាត់ទុកការចោទប្រកាន់នេះថាជា រឿងគួរឱ្យអស់សំណើច និងបានជំរុញឱ្យកងទ័ពប្រែក្លាយតំបន់ព្រំដែន DMZ ឱ្យទៅជាបន្ទាយដែកថែបដែលមិនអាចវាយបំបែកបាន៕


Khcct banner

អត្ថបទទាក់ទង