Khmer suport khmer cc time

ម៉ាក្រុង ចោទមេដឹកនាំបរទេសមួយចំនួនថាឆ្លៀតឱកាសយកបញ្ហានៅបារាំងអន្ទងយកសន្លឹកឆ្នោត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង

ដូហា៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចេញមុខចោទប្រកាន់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចនៅទីក្រុងដូហា ប្រទេសកាតា ចំពោះមេដឹកនាំបរទេសមួយចំនួន ថាបានឆ្លៀតឱកាសពីអំពើហិង្សាចលាចលដែលបានផ្ទុះឡើងទូទាំងប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសរបស់ពួកគេផ្ទាល់។ លោក ម៉ាក្រុង បានបញ្ជាក់ថា មេដឹកនាំទាំងនោះកំពុងធ្វើការឃោសនានយោបាយ ដោយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសបារាំង តាមរយៈការធ្វើអត្ថាធិប្បាយមិនសមរម្យ និងល្ងង់ខ្លៅ ដែលត្រូវបានបំភ័ណ្ឌដោយវីដេអូក្លែងក្លាយបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងយុទ្ធនាការបំពុលព័ត៌មានពីបរទេស។

ការលើកឡើងរបស់លោក ម៉ាក្រុង សំដៅដោយផ្ទាល់ទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (ដែលជិតប្រឈមមុខនឹងការបោះឆ្នោតសភា) និងប្រធានាធិបតីអាម៉េរិក លោក Donald Trump (ដែលប្រឈមនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិ) បន្ទាប់ពីមេដឹកនាំទាំងពីរបានចោទប្រកាន់កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ថាអំពើហិង្សានៅបារាំងបង្កឡើងដោយ ការឈ្លានពានពីក្រុមអ៊ីស្លាមជ្រុលនិយម និង ការកើនឡើងនៃជនអន្តោប្រវេសន៍។ លោក ម៉ាក្រុង បានច្រានចោលការអះអាងទាំងនេះ ដោយបញ្ជាក់ថាជាព័ត៌មានមិនពិតទាំងស្រុង ខណៈដែលដើមហេតុពិតប្រាកដកើតចេញពីការតវ៉ារបស់សិស្សានុសិស្សជុំវិញលក្ខខណ្ឌសិក្សា និងបញ្ហាថ្លៃចំណាយក្នុងជីវភាពរស់នៅ ប៉ុន្តែត្រូវ បានជ្រៀតជ្រែកដោយ ក្រុមញុះញង់មកពីនិន្នាការឆ្វេងជ្រុល។

អាជ្ញាធរនិយតកម្មសហភាពអឺរ៉ុប (EU) និងក្រុមអ្នកស្រាវជ្រាវ (រួមទាំង BBC Verify) កំពុងបើកការស៊ើបអង្កេតលើប្រព័ន្ធផ្សព្វផ្សាយអនឡាញ ដែលសង្ស័យថាមានការជ្រៀតជ្រែកពីគណនីបណ្តាញសង្គមគាំទ្ររុស្ស៊ី (តាមរយៈប្រតិបត្តិការ Matryoshka) អ៊ីរ៉ង់ និងអាល់ហ្សេរី ក្នុងការចែកចាយរូបភាព AI ក្លែងក្លាយ និងព័ត៌មានមិនពិត ដើម្បីជួយជំរុញ ភាពវឹកវរនៅក្នុងប្រទេសបារាំងឱ្យកាន់តែធ្ងន់ធ្ងរ។

គួររម្លឹកថាមហាកុបកម្មនៅប្រទេសបារាំងនៅទីក្រុងធំៗជាច្រើនរួមមានទីក្រុងប៉ារីស (Paris) ទីក្រុងលីម៉ូស (Limoges) ទីក្រុងម៉ាសៃ (Marseille) ទីក្រុងលីយ៉ុង (Lyon) ទីក្រុងណង់តេស (Nantes) ទីក្រុងនីស (Nice) និង ប៊រដូ (Bordeaux) ដោយមានមនុស្សប្រមាណ ២៨០០នាក់ត្រូវបានចាប់ខ្លួន ដើមហេតុដែលនាំឱ្យមានកុបកម្ម និងការតវ៉ាយ៉ាងខ្លាំងក្លានេះ បានវិវត្តចេញពីការប្រមូលផ្តុំតវ៉ាតាមដងផ្លូវ និងការបិទផ្លូវនៅតាមសាលារៀនអស់រយៈពេល ៤ សប្តាហ៍មកហើយ ដោយសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាល ដើម្បីទាមទារឱ្យមានការបន្ថែមគ្រូបង្រៀន ជួសជុលសាលារៀនដែលទ្រុឌទ្រោម និងផ្តល់ថវិកាបន្ថែមសម្រាប់សេវាសាធារណៈ។ ចលនានេះបានរីករាលដាលទៅជាការតវ៉ាប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយក្នុងជីវភាពរស់នៅ ដំបូងឡើយការដើរក្បួនដោយសន្តិវិធីកាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ត្រូវបានជ្រៀតជ្រែកដោយក្រុមបង្កចលាចល និងក្រុមចោរប្លន់ពាក់ម៉ាស់ ដែលបានវាយប្រហារលើអគាររដ្ឋ ដុតបំផ្លាញស្ថានីយរថយន្តក្រុង វាយបំបែកកញ្ចក់ហាង និងលួចយកទំនិញនៅតាមទីក្រុងធំៗដូចជា ប៉ារីស ប៊រដូ នីស និងម៉ាសៃ ជាដើម។ នៅទីក្រុង Limoges អគារសាលាក្រុងសាងសង់តាំងពីសតវត្សរ៍ទី ១៩ ត្រូវបានគេសម្រុកចូលដុតបំផ្លាញ និងគំរាមសម្លាប់បុគ្គលិកថែរក្សាអគារ៕ 

Khcct banner

អត្ថបទទាក់ទង