Khmer suport khmer cc time

ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើន រិះគន់ក្រុមហ៊ុន GMMTV របស់ថៃ យកឈុតប្រពៃណីរបស់ខ្លួនទៅប្រើប្រាស់ក្នុងរឿងភាគ ដោយគ្មានការអនុញ្ញាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ក្រុមហ៊ុនផលិតកម្ម និងកម្សាន្តយក្សថៃ GMMTV កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងពលរដ្ឋមីយ៉ាន់ម៉ា បន្ទាប់ពីវីដេអូសាច់រឿងខ្លី (Trailer) របស់រឿងភាគ «Scarlet Heart Thailand» ត្រូវបានបញ្ចេញ ដោយបានប្រើប្រាស់ម៉ូដសម្លៀកបំពាក់ និងក្បាច់រាំប្រពៃណីដែលស្រដៀងគ្នាបេះបិទទៅនឹងវប្បធម៌ដើមរបស់ប្រទេសមីយ៉ាន់ម៉ា។ ពលរដ្ឋមីយ៉ាន់ម៉ាទាំងនោះ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយបានរួមគ្នាតវ៉ានៅលើបណ្តាញសង្គម X តាមរយៈការប្រើប្រាស់ Hashtag #RespectMyanmarCulture និង #ScarletHeartTH ដើម្បីទាមទារឱ្យក្រុមហ៊ុន GMMTV ចេញមុខទទួលខុសត្រូវ បកស្រាយឱ្យបានច្បាស់លាស់ជាផ្លូវការ និងផ្តល់ប្រភព (Credit) ឬការទទួលស្គាល់ឱ្យបានត្រឹមត្រូវចំពោះបេតិកភណ្ឌប្រពៃណីរបស់ពួកគេ។

យោងតាមទិន្នន័យអ្នកគាំទ្រក្នុងយុទ្ធនាការប្រមូលស្នាមមេដៃ នៅលើវេបសាយ Change.org គិតត្រឹមថ្ងៃទី២២ ខែតុលានេះ មានអ្នកចូលរួមគាំទ្រ និងចុះហត្ថលេខាសរុបចំនួន ៤០០០ នាក់។ ក្រុមអ្នកគាំទ្របានសង្កត់ធ្ងន់ថា ទោះបីជាពួកគេស្រឡាញ់ និងគាំទ្រតារាសម្តែងក្នុងរឿងនេះយ៉ាងណាក៏ដោយ ប៉ុន្តែការការពារមរតកវប្បធម៌ជាតិពីការកែច្នៃខុសប្រវត្តិសាស្ត្រ គឺជាកាតព្វកិច្ចដ៏សំខាន់ចាំបាច់ជាង។

ក្រុមតវ៉ាទាំងនោះ ក៏បានអំពាវនាវឱ្យក្រុមហ៊ុន GMMTV និងក្រុមអ្នកដឹកនាំរឿង ធ្វើការសិក្សាស្រាវជ្រាវឡើងវិញឱ្យបានស៊ីជម្រៅលើគម្រោងរឿងភាគមួយនេះ ព្រមទាំងចេញសេចក្តីថ្លែងការណ៍បំភ្លឺជាផ្លូវការមុនពេលរឿងភាគនេះត្រូវបានដាក់ផ្សាយ ដើម្បីចៀសវាងជម្លោះវប្បធម៌រវាងប្រជាជាតិទាំងពីរ និងដើម្បីបង្ហាញពីការគោរពគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ីអាគ្នេយ៍។

អ្នកជំនាញ និងអ្នកការពារវប្បធម៌មីយ៉ាន់ម៉ាបានពន្យល់ថា សម្លៀកបំពាក់ដែលលេចឡើងក្នុងរឿងភាគថៃមួយនេះ គឺជារចនាប័ទ្ម «Htain Mathein» ដែលជាឈុតព្រះរាជវាំងដ៏មានតម្លៃក្នុងសម័យរតនបុរៈ ឬយ៉ាដាណាបូន (Yadanabon Period ឆ្នាំ១៨៥៩–១៨៨៥) នៃរជ្ជកាលចុងក្រោយបង្អស់របស់មីយ៉ាន់ម៉ា។ ទោះបីជាមានការអះអាងថា សាច់រឿងអាចមានទំនាក់ទំនងប្រវត្តិសាស្ត្ររវាងអាណាចក្រឡានណា (ទីក្រុងឈៀងម៉ៃ បច្ចុប្បន្ននៅភាគខាងជើងថៃ) និងមីយ៉ាន់ម៉ា ប៉ុន្តែក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា សម័យកាលដែលឡានណានៅក្រោមការគ្រប់គ្រងរបស់មីយ៉ាន់ម៉ា គឺជាសម័យតុងអ៊ូ (Toungoo Era ឆ្នាំ១៥១០–១៧៥២) មិនមែនសម័យយ៉ាដាណាបូន (សតវត្សរ៍ទី១៩) នោះឡើយ ដូច្នេះការយកឈុតប្រពៃណីផ្លូវការរបស់មីយ៉ាន់ម៉ាមកប្រើប្រាស់ដោយគ្មានការស្រាវជ្រាវត្រឹមត្រូវ គឺជាការខ្វះការគោរពយ៉ាងធ្ងន់ធ្ងរចំពោះអត្តសញ្ញាណ និងបេតិកភណ្ឌជាតិរបស់គេ៕

Khcct banner

អត្ថបទទាក់ទង