Khmer suport khmer cc time

អភិបាលរងក្រុងប៉េកាំង កំពុងត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធការរំលោភវិន័យបក្សធ្ងន់ធ្ងរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ លោក ស៊ា លីនម៉ៅ (Xia Linmao) អាយុ ៥៦ឆ្នាំ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុម្មុយនិស្តចិនប្រចាំក្រុងប៉េកាំង និងជាអភិបាលរងក្រុងប៉េកាំង កំពុងស្ថិតក្រោមការស៊ើបអង្កេតផ្លូវការ ពីបទសង្ស័យរំលោភវិន័យបក្ស និងច្បាប់រដ្ឋយ៉ាងធ្ងន់ធ្ងរ។ យោងតាមសេចក្តីប្រកាសផ្លូវការរបស់គណៈកម្មការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនិស្តចិន (CCDI) និងគណៈកម្មការត្រួតពិនិត្យជាតិ (NSC) កាលពីថ្ងៃទី២២ ខែតុលា លោកកំពុងត្រូវបានចាត់វិធានការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ នៅក្នុងកំឡុងពេលដែលរូបលោកកំពុងកាន់តំណែងដឹកនាំ។

ការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់រូបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបោសសម្អាតអំពើពុករលួយ និងពង្រឹងវិន័យផ្ទៃក្នុងបក្សយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ រហូតមកទល់ពេលនេះ អាជ្ញាធរចិនមិនទាន់បានទម្លាយព័ត៌មានលម្អិតជាក់ស្តែង អំពីអង្គហេតុ ឬបទល្មើសជាក់លាក់ដពាក់ព័ន្ធនឹងរូបលោកនៅឡើយទេ ខណៈចំណាត់ការផ្លូវច្បាប់ និងវិន័យបក្សកំពុងបន្តប្រព្រឹត្តិទៅតាមនីតិវិធី។

គួរបញ្ជាក់ថា លោក ស៊ា លីនម៉ៅ មានស្រុកកំណើតនៅខេត្តជាំងស៊ូ (Jiangsu) ហើយរូបលោកក៏ជាសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០។ មុនពេលឡើងកាន់តំណែងជាអភិបាលរងក្រុងប៉េកាំងក្នុងឆ្នាំ២០២៣ លោកធ្លាប់បានកាន់តួនាទីសំខាន់ៗជាច្រើននៅក្នុងរដ្ឋបាលរាជធានីប៉េកាំង រួមទាំងការងាររៀបចំផែនការទីក្រុង និងការដឹកនាំរដ្ឋបាលតាមតំបន់។ នៅក្នុងតួនាទីជាអភិបាលរងប្រចាំការបច្ចុប្បន្ន លោកទទួលបន្ទុកមើលខុសត្រូវលើវិស័យយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ការអភិវឌ្ឍសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការគ្រប់គ្រងគ្រោះអាសន្ន កិច្ចការបរទេស និងការងារស្ថិតិ៕

Khcct banner

អត្ថបទទាក់ទង