Khmer suport khmer cc time

អនុទីន បញ្ជាឱ្យមន្រ្តី បន្តតាមដានបាតុកម្មនៅបារាំង ព្រោះបារម្ភរាលដាលដល់ថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ តាមដានស្ថានការណ៍វិវត្តនៃកុបកម្ម និងការចលាចលនៅប្រទេសបារាំងយ៉ាងយកចិត្តទុកដាក់ និងរៀបចំវិធានការបង្ការជាមុន ដើម្បីរារាំងកុំឱ្យមានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងនៅក្នុងប្រទេសថៃ។ ថ្លែងនៅវិមានរដ្ឋាភិបាល នាថ្ងៃព្រហស្បតិ៍ លោក អនុទីន បានឱ្យដឹងថា លោកបានទាក់ទងផ្ទាល់ទៅកាន់អគ្គស្នងការនគរបាលជាតិ លោក សំរ៉ាន នួនម៉ា (Samran Nualma) ភ្លាមៗបន្ទាប់ពីចលាចលបានផ្ទុះឡើងនៅបារាំង ដើម្បីឱ្យកងកម្លាំងនគរបាលស៊ើបអង្កេត និងទប់ស្កាត់កុំឱ្យស្ថានការណ៍បាតុកម្មរីករាលដាល ឬជះឥទ្ធិពលមកលើថៃ។

យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត លោក អនុទីន បានគូសបញ្ជាក់ថា ប្រទេសថៃមិនមានជម្លោះផ្ទៃក្នុងដូចជានៅប្រទេសបារាំងនោះទេ។លោកបានពិពណ៌នាថាសង្គមថៃកំពុងរស់នៅក្នុងសុខសន្តិភាព និងភាពស្និទ្ធស្នាលរវាងគ្នានិងគ្នា។

លោកអនុទីន បានចង្អុលបង្ហាញពីភាពខុសគ្នានៃបរិបទសង្គម និងវប្បធម៌រវាងប្រទេសទាំងពីរ ប៉ុន្តែ បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលថៃ មានភារកិច្ច និងការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះចាំបាច់ត្រូវតែសិក្សាពីស្ថានការណ៍អន្តរជាតិនេះ ដើម្បីត្រៀមលក្ខណៈឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា។

ភ្លាមៗ ជាការឆ្លើយតប អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោកឧត្តមសេនីយ៍ ឆៃយ៉ាព្រឹក ឌួងប្រាផាត់ (Chaiyapruek Duangprapat) បានកោះប្រជុំបន្ទាន់មួយជាមួយមេបញ្ជាការយោធា ភ្នាក់ងារសន្តិសុខ និងមន្ត្រីរដ្ឋបាល។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសម្របសម្រួលការយល់ដឹងរួមគ្នា និងរៀបចំយុទ្ធសាស្ត្ររួមមួយ ដើម្បីការពារស្ថិរភាពសន្តិសុខជាតិ និងបង្ការរាល់ហានិភ័យដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងប្រទេស៕

Khcct banner

អត្ថបទទាក់ទង