នគររាជសីមា៖ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរសុខាភិបាលថៃ បានរកឃើញអ្នកឆ្លងជំងឺមេលីយ៉ូអ៊ីដូស៊ីស (Melioidosis) ឬជំងឺឆ្លងបង្កដោយបាក់តេរីក្នុងដី និងទឹកកខ្វក់ ចំនួន ៥៧០ករណី និងបណ្តាលឱ្យមនុស្សបាត់បង់ជីវិតចំនួន ៤៥នាក់ នៅក្នុងខេត្តចំនួន៤ នៃភាគឥសានខាងត្បូងប្រទេសថៃ។ ជំងឺនេះបង្កឡើងដោយបាក់តេរី Burkholderia pseudomallei ដែលរស់នៅក្នុងដី និងទឹកធម្មជាតិ ដោយវាអាចជ្រាបចូលក្នុងរាងកាយតាមរយៈមុខរបួសលើស្បែក ការដកដង្ហើមស្រូបធូលីដី និងការបរិភោគទឹក ឬអាហារដែលមានមេរោគ។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត វេជ្ជបណ្ឌិតថៃប្រចាំខេត្តនគររាជសីមា បានចេញសារព្រមានប្រជាពលរដ្ឋ និងកសិករឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនពីការឆ្លងបាក់តេរីតាមរយៈដី និងទឹកដែលរងការកខ្វក់។
ផ្អែកតាមទិន្នន័យផ្លូវការ ខេត្តបុរីរ៉ាំ (Buri Ram) រាយការណ៍ពីចំនួនអ្នកឆ្លងច្រើនជាងគេរហូតដល់ ២៤៥ករណី និងស្លាប់ ១២នាក់ បន្ទាប់មកគឺខេត្តសុរិន្ទ (Surin) ឆ្លង ១៣៩ករណី ស្លាប់ ១១នាក់ ខេត្តនគររាជសីមា ឆ្លង ១៣៦ករណី ស្លាប់ ១៧នាក់ និងខេត្តជ័យភូមិ (Chaiyaphum) ឆ្លង ៥០ករណី និងស្លាប់ ៥នាក់។
តាមការគូសបញ្ជាក់ពីមន្ត្រីសុខាភិបាលថៃ ក្រុមមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ គឺជាក្រុមដែលរងផលប៉ះពាល់ និងឆ្លងច្រើនជាងគេ ខណៈហានិភ័យនៃករណីឆ្លងបានកើនឡើងយ៉ាងខ្លាំង ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ជាប់ៗគ្នា និងមានគ្រោះទឹកជំនន់ ដែលធ្វើឱ្យប្រជាពលរដ្ឋងាយប៉ះពាល់ផ្ទាល់ជាមួយដីភក់ និងទឹកកខ្វក់។
ដើម្បីទប់ស្កាត់ការរីករាលដាល មន្រ្តីសុខាភិបាលថៃ បានណែនាំឱ្យកសិករ នាយកកសិដ្ឋាន អ្នកធ្វើការក្នុងវាលស្រែ និងអ្នកដែលត្រូវចុះសម្អាតផ្ទះសម្បែងក្រោយទឹកជំនន់ ត្រូវពាក់ស្បែកជើងកវែងកៅស៊ូ ស្រោមដៃ និងខោអាវវែងការពារជិតៗ។ អាជ្ញាធរថៃ ក៏បានហាមឃាត់ដាច់ខាតចំពោះអ្នកដែលមានមុខរបួសលើស្បែក មិនឱ្យប៉ះពាល់ដី ឬទឹកកខ្វក់ឡើយ រហូតទាល់តែមុខរបួសបានជាសះស្បើយទាំងស្រុង ដើម្បីចៀសវាងការឆ្លងមេរោគដ៏កាចសាហាវនេះចូលទៅក្នុងរាងកាយ៕