ឡុងដ៍៖ ធនាគារយក្ស Barclays របស់ចក្រភពអង់គ្លេស បានប្រកាសកាត់បន្ថយតំណែងការងារចំនួន ៥.០០០ កន្លែង (ស្មើនឹងប្រមាណ ៥% នៃកម្លាំងពលកម្មសរុបទូទាំងពិភពលោក) ដោយសារធនាគារកំពុងជំរុញការដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្មទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ យោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ធនាគារបានលុបចោលតំណែងចំនួន ១.០០០ កន្លែងរួចរាល់ហើយ និងគ្រោងកាត់បន្ថយចំនួន ៤.០០០ កន្លែងបន្ថែមទៀតឱ្យចប់សព្វគ្រប់នៅត្រឹមចុងឆ្នាំ២០២៦ នេះ ដោយប្រហែល ៦០% នៃផលប៉ះពាល់ធ្លាក់ទៅលើផ្នែកប្រតិបត្តិការ មុខងារគាំទ្រ និងក្រុមអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា (Developers) ទាំងក្នុងផ្នែកធនាគារលក់រាយ និងធនាគារវិនិយោគ។
បើតាមលោក CS Venkatakrishnan នាយកប្រតិបត្តិ (CEO) នៃធនាគារ Barclays បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនេះគឺជាលទ្ធផលនៃការបញ្ចប់កម្មវិធីកាត់បន្ថយចំណាយរយៈពេល ៣ ឆ្នាំ និងការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីកែលម្អប្រសិទ្ធភាពការងារ ដោយលោកបានលើកឡើងថា AI ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យអាជីវកម្មដើរលឿនជាងមុន និងប្រើប្រាស់កម្លាំងពលកម្មតិចជាងមុន។
ទន្ទឹមនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធនេះ ធនាគារ Barclays ក៏បានរាយការណ៍ពីប្រាក់ចំណេញចំនួន ២,៣ ពាន់លានផោន (GBP) ក្នុងត្រីមាសចុងក្រោយនេះផងដែរ ដែលជាតួលេខខ្ពស់ជាងឆ្នាំមុន និងត្រូវបានក្រុមអ្នកសេដ្ឋកិច្ចតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីវាយតម្លៃពីឥទ្ធិពលពិតប្រាកដនៃ AI លើទីផ្សារពលកម្មផ្នែកហិរញ្ញវត្ថុពិភពលោក៕