ប៉េកាំង៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៧.០ រិចទ័រ បានវាយប្រហារតំបន់ទីបេ ភាគខាងជើងប្រទេសចិន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ រងរបួស ៥៤នាក់ និងធ្វើឱ្យបាក់រលំផ្ទះសម្បែងអស់រាប់រយខ្នង នៅក្នុងក្រុងណាក់ជូ (Nagqu)។ ផ្អែកតាមទិន្នន័យពីអង្គការស៊ើបមើលភូមិសាស្ត្រអាម៉េរិក (USGS) គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១០:៣៣ នាទីយប់ (ម៉ោងក្នុងស្រុក) ក្នុងជម្រៅ ១៨គីឡូម៉ែត្រ និងមានចំណុចកណ្តាលស្ថិតនៅតំបន់ខ្ពង់រាបដែលមានប្រជាជនរស់នៅ ចម្ងាយប្រមាណ ១៩១គីឡូម៉ែត្រ ភាគខាងកើត-ឈៀងខាងជើង នៃក្រុងណាក់ជូ។ បន្ទាប់ពីការរញ្ជួយដីដំបូង គេបានកត់ត្រាពីការរញ្ជួយបន្តបន្ទាប់ (Aftershocks) ចំនួន ៧លើកទៀត កម្រិតចាប់ពី ៤.៣ ដល់ ៥.២ រិចទ័រ។
អាជ្ញាធរមូលដ្ឋានទីបេ បានចាត់កម្លាំងសង្គ្រោះបន្ទាន់ជាង ១ ៦០០នាក់ ចុះជួយសង្គ្រោះជាប្រញាប់ ខណៈផ្ទះសម្បែងយ៉ាងតិច ៣៣៩ខ្នង និងទ្រុងសត្វ ២០កន្លែង បានរលំខូចខាតទាំងស្រុង។ សម្ភារជំនួយសង្គ្រោះបន្ទាន់ រួមមានផ្ទះជម្រកបណ្តោះអាសន្ន ១ ០០០ខ្នង តង់ និងគ្រែបត់ជិត ៣ ០០០ ព្រមទាំងសម្លៀកបំពាក់រដូវរងា និងពិល ត្រូវបានដឹកជញ្ជូនទៅដល់តំបន់រងគ្រោះហើយ។
ជាការឆ្លើយតប ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចេញបទបញ្ជាឱ្យប្រើប្រាស់កម្លាំងសរុប ដើម្បីរុករក សង្គ្រោះ និងផ្តល់ការព្យាបាលវេជ្ជសាស្ត្រដល់ជនរងគ្រោះឱ្យបានទាន់ពេលវេលា ខណៈដែលបណ្តាញទំនាក់ទំនងនៅតំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ ហើយអាជ្ញាធរផ្លូវដែកបានសម្រេចផ្អាកជើងរថភ្លើងឆ្លងកាត់តំបន់នោះជាបណ្តោះអាសន្ន។
តាមការបញ្ជាក់ពីទូរទស្សន៍មជ្ឈិមចិន CCTV នេះគឺជាគ្រោះរញ្ជួយដីធំប្រចាំតំបន់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ហើយភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា តំបន់រងគ្រោះនឹងមានធ្លាក់ព្រិលជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃខាងមុខ ដែលអាចបង្កជាផលវិបាកបន្ថែមដល់ប្រតិបត្តិការសង្គ្រោះ។ គួរបញ្ជាក់ថា ក្រុងណាក់ជូ ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងឡាសា (Lhasa) ដែលជាទីក្រុងរដ្ឋបាលសំខាន់នៃតំបន់ស្វយ័តទីបេ៕