Khmer suport khmer cc time

បារាំង រកឃើញករណីឆ្លងវីរុស Shamonda ពីសត្វមកលើមនុស្សជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉ារីស៖ ក្រសួងសុខាភិបាលរបស់បារាំងបានប្រកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ថាអាជ្ញាធរបានរកឃើញការឆ្លងវីរុស Shamonda លើមនុស្សជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅលើអ្នកជំងឺម្នាក់ដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំង ដែលបានស្លាប់កាលពីដើមខែតុលានេះ។ វីរុសនេះជាធម្មតាជាប្រភេទមេរោគដែលផ្ទុកក្នុងសត្វ ដែលឆ្លងរាលដាលតាមរយៈការខាំរបស់សត្វល្អិតប្រភេទមូស ទៅលើសត្វពាហនៈដូចជាគោក្របី សេះ និងបសុសត្វតូចៗ ដោយបង្កឱ្យមានរោគសញ្ញាគ្រុនក្តៅ រាគ និងបណ្តាលឲ្យសត្វដែលឆ្លងមេរោគនេះស្លាប់បាន។

បើតាម CNA ទោះបីជាវីរុសនេះត្រូវបានរកឃើញក្នុងចំណោមបសុសត្វនៅទ្វីបអាហ្វ្រិក និងអាស៊ីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ព្រមទាំងទើបតែត្រូវគេប្រទះឃើញរីករាលដាលដល់បណ្តាប្រទេសអឺរ៉ុបខាងលិចចំនួន ១៤ (រួមទាំងកសិដ្ឋានចិញ្ចឹមគោនៅបារាំងចាប់តាំងពីចុងខែកុលាប៉ុណ្ណោះ) ប៉ុន្តែវាពុំធ្លាប់ឆ្លងដល់មនុស្សឡើយ។ ក្រសួងសុខាភិបាលបារាំងបានសង្កត់ធ្ងន់ថា ករណីនេះគឺជា «ករណីពិសេសដាច់ដោយឡែក» ដែលកើតឡើងលើអ្នកជំងឺមានប្រព័ន្ធភាពស៊ាំទាបស្រាប់ និងមានបញ្ហាប្រព័ន្ធប្រសាទធ្ងន់ធ្ងរ ដូច្នេះអាជ្ញាធរបញ្ជាក់យ៉ាងច្បាស់ថា «មិនមានហានិភ័យសុខភាពណាមួយដល់សាធារណជនទូទៅនោះឡើយ»។

អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) ត្រូវបានជូនដំណឹងរួចរាល់ហើយ ខណៈដែលការស៊ើបអង្កេតផ្នែកគ្លីនិក និងរោគរាតត្បាតនៅតែបន្តធ្វើឡើងជាបន្តទៀត៕

Khcct banner

អត្ថបទទាក់ទង