ហាណូយ៖ រឿងភាគខ្លីៗដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងតែក្លាយជាបាតុភូតកម្សាន្តដ៏ទាក់ទាញបំផុតមួយនៅលើបណ្តាញសង្គម និងកម្មវិធីទូរសព្ទដៃ ដោយបានទាក់ទាញអ្នកទស្សនាគ្រប់វ័យឱ្យចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃដើម្បីតាមដានមើល ទោះបីជាពួកគេដឹងច្បាស់ថា តួអង្គទាំងអស់ជារូបភាពក្លែងក្លាយ និងមានសាច់រឿងតាមរូបមន្តដដែលៗក៏ដោយ។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់ Deloitte ប្រាក់ចំណូលសកលពីរឿងភាគខ្លីៗបានកើនឡើងពី ៣,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ រហូតដល់ប្រមាណ ៧,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦ នេះ។ ជាមួយគ្នានេះ របាយការណ៍ពីវេទិកាវិភាគទីផ្សារ Sensor Tower បានបង្ហាញថា កម្មវិធីរឿងភាគខ្លីៗទាំងនេះមានចំនួនទាញយកលើសពីសេវាកម្មផ្សាយមាតិកាឌីជីថល ធំៗនៅក្នុងប្រទេសវៀតណាម។
យោងតាមបទសម្ភាសន៍ដែលចុះផ្សាយដោយសារព័ត៌មាន VnExpress ពិសោធន៍ជាក់ស្តែងរបស់អ្នកទស្សនារឿង AI លោក Pham Tuan អាយុ ២៧ ឆ្នាំ រស់នៅទីក្រុងហាណូយ បានរៀបរាប់ថា លោកបានចំណាយពេលពី ៦ ទៅ ៨ ម៉ោង (និងពេលខ្លះរហូតដល់ ១២ ម៉ោងជាប់ៗគ្នា) ក្នុងមួយថ្ងៃ អស់រយៈពេល ២ ខែចុងក្រោយ ដើម្បីមើលរឿងភាគ AI ប្រភេទវិទ្យាសាស្ត្រ និងសកម្មភាព (sci-fi/action) បន្ទាប់ពីបានទស្សនាវគ្គដំបូងត្រឹមតែមួយនាទី។ លោក Tuan បានបញ្ជាក់ថា សាច់រឿងដែលផ្តោតលើតួអង្គត្រូវគេមើលងាយ រួចបកអាក្រាតអត្តសញ្ញាណពិត និងសងសឹកគូប្រជែង បានផ្តល់ «អារម្មណ៍នៃយុត្តិធម៌ និងធ្វើឱ្យចិត្តស្ងប់» តាមរយៈទម្រង់មុខដ៏ស្រស់ស្អាតរបស់តួអង្គ ការផ្លាស់ប្តូរទីតាំងលឿន និងការកាត់តញាប់ស្មេរ។
ទន្ទឹមនឹងនេះ អ្នកនាង Thuy Trang អាយុ ២៥ ឆ្នាំ នៅទីក្រុងហូជីមិញ បានចែករំលែកថា ឪពុកម្តាយរបស់នាងបានផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃទាំងស្រុង ដោយឪពុកចូលចិត្តមើលរឿងក្បាច់គុន ចំណែកម្តាយចូលចិត្តរឿងភាគគ្រួសាររំជួលចិត្ត រហូតដល់ថ្នាក់ចំណាយប្រាក់ទិញកញ្ចប់មើលរឿងបន្ថែម និងលែងនិយាយរកគ្នាក្នុងពេលញ៉ាំអាហារ ឬមិនព្រមទទួលទូរសព្ទពីកូនៗដោយសារតែជាប់តាមដានសាច់រឿង។
បើតាមការបកស្រាយរបស់លោក Dinh Ngoc Son សាស្ត្រាចារ្យនៅសាលាធុរកិច្ច និងគ្រប់គ្រងហាណូយ (HSB) នៃសាកលវិទ្យាល័យជាតិវៀតណាមប្រចាំទីក្រុងហាណូយបានអះអាងថា មាតិកាទាំងនេះនឹងបង្កឲ្យមានការប៉ះពាល់ដល់ផ្លូវចិត្ត ដែលធ្វើឱ្យអ្នកមើលទទួលបានអារម្មណ៍នៃជ័យជម្នះក្នុងរយៈពេលដ៏ខ្លី ខណៈដែលការផ្ទុះឡើងនៃជម្លោះជាបន្តបន្ទាប់បានធ្វើឱ្យកម្រិតអត់ធ្មត់របស់អ្នកមើលថយចុះ។ លោកបានព្រមានអំពីហានិភ័យនៃ «ភាពមិនស៊ីគ្នានៃការយល់ដឹង» ដែលធ្វើឱ្យព្រំដែនរវាងរូបភាពពិត និង AI កាន់តែស្រពិចស្រពិល។
ការសិក្សារបស់សាកលវិទ្យាល័យ Oxford ដែលចុះផ្សាយក្នុងទស្សនាវដ្តី NeuroImage ការមើលវីដេអូខ្លីៗលើសពី ៣ ម៉ោងក្នុងមួយថ្ងៃ អាចកាត់បន្ថយដង់ស៊ីតេសារធាតុប្រផេះក្នុងខួរក្បាល បណ្តុះខួរក្បាលឱ្យស្វែងរកការបញ្ចេញសារធាតុដូប៉ាមីន (dopamine) យ៉ាងឆាប់រហ័ស និងនាំឱ្យថយចុះសមត្ថភាពគិតស៊ីជម្រៅ។ ផលប៉ះពាល់នេះត្រូវ បានលោក Tuan បញ្ជាក់ផ្ទាល់ខ្លួនថា បន្ទាប់ពីងប់ងល់មើលអស់ ២ ខែ លោកមានអារម្មណ៍អស់កម្លាំងទាំងផ្លូវចិត្ត និងរាងកាយ ឈឺក្បាលដោយសារខ្វះការគេង និងមិនចងចាំអ្វីទាំងអស់បន្ទាប់ពីបិទទូរសព្ទ រហូតដល់លោកសម្រេចចិត្តលុបកម្មវិធីរឿងភាគទាំងនោះចោលតែម្តង៕