Khmer suport khmer cc time

ក្រុមហ៊ុន Vingroup របស់វៀតណាម គ្រោងវិនិយោគ ៥០០លានដុល្លារ សង់រោងចក្ររថយន្តអគ្គិសនីនៅហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានបំផុតនៅអាស៊ីអាគ្នេយ៍ និងជាជនជាតិវៀតណាម លោក ហ្វាម ញ៉ាត់វឿង (Pham Nhat Vuong) កំពុងពិចារណាសាងសង់រោងចក្រផលិតយានយន្តអគ្គិសនី (EV) ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាម៉េរិក នៅប្រទេសហ្វីលីពីន។ ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន កាលពីថ្ងៃពុធ ការដ្ឋានសាងសង់រោងចក្រនេះអាចនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៧ និងចំណាយពេល ១៨ខែដើម្បីបញ្ចប់ ដោយមានសមត្ថភាពផលិតរថយន្តប្រមាណ ២០០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ។ យោងតាមកាសែត VNExpress ដើម្បីទាក់ទាញការវិនិយោគដ៏ធំនេះ រដ្ឋាភិបាលហ្វីលីពីនបានរៀបចំវិធានការលើកទឹកចិត្តជាច្រើន រួមទាំងការលើកលែងពន្ធ និងការសម្រួលនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័ស។

គួរជម្រាបថា Vingroup មិនទាន់ចេញមុខអះអាងលម្អិតជុំវិញផែនការវិនិយោគថ្មីនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះ បានវាយលុកទីផ្សារហ្វីលីពីនរួចជាស្រេច តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ VinFast តាំងពីខែឧសភា ឆ្នាំ២០២៤ និងសេវាតាក់ស៊ីអគ្គិសនី Green SM ចាប់តាំងពីកណ្តាលឆ្នាំ២០២៥។

បច្ចុប្បន្ន Vingroup មានរោងចក្រផលិតរថយន្តអគ្គិសនីរួចហើយនៅប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌា ដែលមានសមត្ថភាពផលិតសរុប ១០០ ០០០គ្រឿងក្នុងមួយឆ្នាំ។ អាជ្ញាធរហ្វីលីពីនបានគូសបញ្ជាក់ថា គម្រោងបង្កើតរោងចក្រនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារថ្មីៗ និងជំរុញសេដ្ឋកិច្ចក្នុងស្រុក។

ទន្ទឹមនឹងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រុមហ៊ុន VinFast រកប្រាក់ចំណូលបានជិត ៥៣.២ ទ្រីលានដុង (ប្រមាណ ២.១ ប៊ីលានដុល្លារ) កើនឡើង ៦១% ធៀបនឹងឆ្នាំមុន ដោយបានប្រគល់រថយន្តអគ្គិសនីសរុប ១២៨ ៦៨៥គ្រឿង នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាមមួយនេះ នៅតែបន្តរាយការណ៍អំពីការខាតបង់ក្រោយបង់ពន្ធចំនួនជិត ២៨.៤ ទ្រីលានដុង ប៉ុន្តែតួលេខនេះមានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងការខាតបង់ជាង ៣៨.៣ ទ្រីលានដុង ក្នុងកំឡុងពេលដូចគ្នាកាលពីឆ្នាំមុន៕

Khcct banner

អត្ថបទទាក់ទង