Khmer suport khmer cc time

ក្រិកអនុម័តច្បាប់ហាមឃាត់កុមារអាយុក្រោម ១៥ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម ដើម្បីការពារសុខភាពផ្លូវចិត្ត និងសុវត្ថិភាពអនីតិជន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ក្រិក៖ រដ្ឋសភាក្រិកបានអនុម័តសេចក្តីព្រាងច្បាប់ជាប្រវត្តិសាស្ត្រនៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ ដោយប្រកាសហាមឃាត់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គមឡើយ។ ការសម្រេចចិត្តផ្នែកនយោបាយ និងសុខុមាលភាពសង្គមមួយនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញផលប៉ះពាល់អវិជ្ជមាននៃបណ្តាញសង្គមទៅលើសុខភាពផ្លូវចិត្ត ការអភិវឌ្ឍ និងសុវត្ថិភាពរបស់អនីតិជន។ យោងតាមខ្លឹមសារច្បាប់ បម្រាមផ្លូវការនេះនឹងចាប់ផ្តើមអនុវត្តពេញលេញចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ ខាងមុខតទៅ ខណៈដែលប្រទេសក្រិកក៏បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៧ នៃសហភាពអឺរ៉ុប (EU) ដែលកំពុងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអឺរ៉ុបក្នុងការបង្កើតប្រព័ន្ធផ្ទៀងផ្ទាត់អាយុប្រកបដោយប្រសិទ្ធភាព។

លោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីក្រិក

ថ្លែងនៅក្នុងសភា លោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីក្រិក បានបញ្ជាក់ថា ក្រុមហ៊ុនបណ្តាញសង្គមទាំងអស់ត្រូវបានផ្តល់ពេលវេលាចំនួន ២ ខែកន្លះ ដើម្បីស្រាវជ្រាវ និងដាក់ចេញនូវបច្ចេកវិទ្យាផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ ដោយត្រូវធានាការពារទិន្នន័យឯកជនភាពរបស់ពួកគេ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងឈរនៅខាងឪពុកម្តាយ ដើម្បីជួយទប់ស្កាត់ទម្លាប់ អូសមើលអេក្រង់មិនឈប់ឈរ ដែលជាដើមហេតុធ្វើឱ្យកុមារខកខានការគេងលក់ស្ងប់ បាត់បង់ការផ្តោតអារម្មណ៍លើការសិក្សា និងខកខានការបង្កើតទំនាក់ទំនងផ្ទាល់ជាមួយមិត្តភក្តិ។

គួររម្លឹកថាការចាត់វិធានការរបស់ក្រិកនេះ ធ្វើឡើងបន្ទាប់ពីប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេដែលអនុម័តច្បាប់កម្រិតការប្រើប្រាស់បណ្តាញសង្គមលើអនីតិជនកាលពីឆ្នាំ២០២៥ កន្លងទៅ ខណៈដែលច្បាប់ស្រដៀងគ្នានេះនៅក្នុងប្រទេសបារាំងត្រូវ បានក្រុមប្រឹក្សាធម្មនុញ្ញច្រានចោលកាលពីខែសីហាកន្លងទៅ៕

Khcct banner

អត្ថបទទាក់ទង