មីយ៉ាន់ម៉ា ៖ មនុស្សយ៉ាងហោចណាស់ ៥នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកចំនួន ២លើក យ៉ាងរន្ធត់នៅក្នុងទីក្រុងស៊ីតត្វេ (Sittwe) ជាទីប្រជុំជនកណ្តាលនៃរដ្ឋរ៉ាខាញ (Rakhine) ប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃសុក្រនេះ។ យោងតាមអង្គភាពសារព័ត៌មាន The Irrawaddy ការផ្ទុះអាវុធ និងការប្រយុទ្ធគ្នានេះ កំពុងបន្តកើតមាននៅតំបន់ជាយក្រុង ខណៈដែលកងកម្លាំងប្រដាប់អាវុធអារ៉ាកាន (Arakan Army) កំពុងរុញច្រានការវាយលុក ទោះជាត្រូវប្រឈមមុខនឹងការវាយប្រហារតាមអាកាស ការបាញ់ប្រហារពីនាវាជើងទឹក និងការបាញ់ផ្លោងកាំភ្លើងធំពីសំណាក់កងទ័ពមីយ៉ាន់ម៉ា។
បច្ចុប្បន្ន អាជ្ញាធរមីយ៉ាន់ម៉ា និងប្រភពព័ត៌មានក្នុងស្រុកកំពុងបន្តប្រមូលព័ត៌មានបន្ថែមជុំវិញមូលហេតុលម្អិតនៃការផ្ទុះគ្រាប់បែកទាំងពីរលើកនេះ។
គួរបញ្ជាក់ថា ទីក្រុងស៊ីតត្វេ គឺជាទីតាំងឈរជើងដ៏សំខាន់នៃបញ្ជាការដ្ឋានយោធាភាគខាងលិច និងបញ្ជាការដ្ឋានប្រតិបត្តិការតំបន់របស់របបយោធាមីយ៉ាន់ម៉ា ដែលត្រូវបានពង្រឹងកម្លាំងការពារយ៉ាងរឹងមាំ ដើម្បីទប់ទល់នឹងការវាយលុកសម្រុកចូលពីសំណាក់ក្រុមប្រដាប់អាវុធជនជាតិភាគតិច Arakan Army។
ការផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុង អមដោយការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់នេះ បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋស៊ីវិល ដែលកំពុងជាប់គាំងក្នុងតំបន់សមរភូមិ។ ផ្អែកលើស្ថានភាពដ៏គ្រោះថ្នាក់នេះ អង្គការមនុស្សធម៌នានាបានបន្តអំពាវនាវឱ្យភាគីជម្លោះបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងធានាសុវត្ថិភាពដល់ជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់៕