តូក្យូ៖ អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (To Lam) នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងតូក្យូ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា តទៅ ផ្អែកតាមការថ្លែងរបស់ប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara កាលពីថ្ងៃទី២៤ ខែតុលា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក តូ ឡឹម និងភរិយា គ្រោងចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះអគ្គមហេសី ព្រមទាំងជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi។ រដ្ឋាភិបាលជប៉ុនក៏នឹងរៀនចំឱ្យមេដឹកនាំកំពូលវៀតណាមរូបនេះ ថ្លែងសុន្ទរកថានៅចំពោះមុខសភាជប៉ុន នៅថ្ងៃទី៩ ខែវិច្ឆិកា ផងដែរ។
យោងតាមការចេញផ្សាយរបស់កាសែត BBC ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ លើវិស័យសន្តិសុខ សេដ្ឋកិច្ច ថាមពល បច្ចេកវិទ្យាជឿនលឿន (បន្ទះឈីប/AI) និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ គឺជាផ្នែកមួយនៃនយោបាយការទូតសកម្មកម្រិតកំពូលរបស់វៀតណាម ក្នុង «យុគសម័យថ្មី» បន្ទាប់ពីលោក តូ ឡឹម ទើបតែបានបញ្ចប់បេសកកម្មការទូតនៅបណ្តាប្រទេសអឺរ៉ុប រួមមាន ដាណឺម៉ាក ប៊ែលហ្សិក និងសហភាពអឺរ៉ុប (EU)។ ការជំរុញទំនាក់ទំនងការទូតយ៉ាងសកម្មនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញទុនវិនិយោគបរទេស (FDI) និងជំរុញឱ្យទំហំនាំចេញ-នាំចូលសរុបរបស់វៀតណាមកើនឡើងដល់ជាង ៨៨៨ ប៊ីលានដុល្លារ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ នេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ជប៉ុនគឺជាវិនិយោគិនបរទេសដ៏ធំមួយនៅវៀតណាម ដោយមានគម្រោងសរុបជាង ៥ ៨០០ គម្រោង និងទុនវិនិយោគសរុបជាង ៨១ ប៊ីលានដុល្លារ។ ប្រទេសទាំងពីរបានកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៦០ ប៊ីលានដុល្លារត្រឹមឆ្នាំ២០៣០៕