ហុងកុង៖ ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍ផ្លូវការកាលពីថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយបានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក គោរពតាមការពិត និងបញ្ឈប់ជាបន្ទាន់នូវរាល់វិធានការរើសអើងប្រឆាំងនឹងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្ររបស់ចិន។ ការប្រតិកម្មយ៉ាងក្តៅគគុកពីសំណាក់ទីក្រុងប៉េកាំងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិអាម៉េរិកបានដាក់កម្រិតយ៉ាងម៉ឺងម៉ាត់លើការផ្តល់មូលនិធិស្រាវជ្រាវដល់សាកលវិទ្យាល័យ និងមន្ទីរពិសោធន៍ចិនជាច្រើន ខណៈដែលសមាជិកសភាបក្សសាធារណរដ្ឋអាម៉េរិកបានស្នើឱ្យបន្ថែមគ្រឹះស្ថានសិក្សាចិនចំនួន ៥៨ និងមន្ទីរពិសោធន៍បច្ចេកវិទ្យាចំនួន ៦២ ទៀតចូលទៅក្នុង «បញ្ជី ១២៨៦» (1286 list) ដែលផ្តោតលើវិស័យបច្ចេកវិទ្យាសំខាន់ៗដូចជា បន្ទះឈីប (Semiconductors) បញ្ញាសិប្បនិម្មិត (AI) និងកុំព្យូទ័រ Quantum ជាដើម។
អាជ្ញាធរចិនបានសង្កត់ធ្ងន់ថា ទង្វើរបស់សហរដ្ឋអាម៉េរិកក្នុងការហាមឃាត់មិនឱ្យអង្គភាពនានាសហការជាមួយស្ថាប័នក្នុងបញ្ជីខ្មៅ គឺជាការបង្ខំឱ្យស្ថាប័នស្រាវជ្រាវជ្រើសរើសខាង និងជាការបំផ្លាញដោយចេតនានូវកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រធម្មតារវាងប្រទេសទាំងពីរ ដែលមានតែធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពបច្ចេកវិទ្យារបស់អាម៉េរិកខ្លួនឯងវិញប៉ុណ្ណោះ។
ក្រសួងការពារជាតិអាម៉េរិកអះអាងថា វិធានការនេះគឺជាការអនុវត្តតាមច្បាប់ដើម្បីការពារមូលនិធិសហព័ន្ធ និងការពារសុវត្ថិភាពបច្ចេកវិទ្យាជាតិ ដោយចៀសវាងហានិភ័យផ្សេងៗដែលកើតចេញពីការសហការជាមួយសាកលវិទ្យាល័យចិនទាំងនោះ។ ក្រសួងការពារជាតិអាម៉េរិក ក៏បានហាមឃាត់មិនឱ្យផ្តល់មូលនិធិស្រាវជ្រាវដល់អង្គភាពណាមួយ ដែលធ្វើការសហការជាមួយសាកលវិទ្យាល័យចិនដែលមានឈ្មោះនៅក្នុងបញ្ជីនោះឡើយ៕