តៃវ៉ាន់៖ ព្យុះទីហ្វុង «ឆាំពី» (Champi) បានបោកបក់កាត់តំបន់ឆ្នេរភាគឦសាននៃកោះតៃវ៉ាន់ ក្នុងខេត្តយីឡាន (Yilan) នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា នេះដោយបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៥២៧ នាក់ផ្សេងទៀតរងរបួស។ យោងតាមរដ្ឋបាលឧតុនិយមមជ្ឈិមនៃតៃវ៉ាន់ (CWA) ចំណុចកណ្តាលនៃព្យុះនេះបានប្តូរទិសដៅនៅពាក់កណ្តាលអធ្រាត្រ ដោយបានបត់ជារង្វង់នៅឯសមុទ្រតាមបណ្តោយឆ្នេរសមុទ្រយីឡាន បង្កើតឱ្យមានកម្លាំងខ្យល់បក់បោកខ្លាំងបំផុតរហូតដល់ ២២៧ គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់ឆ្នេរមួយចំនួន ដែលបណ្តាលឱ្យរលំដើមឈើ ហែកផ្តាច់ខ្សែភ្លើង បំផ្លាញដំបូលផ្ទះ និងដាច់ចរន្តអគ្គិសនី។
យោងតាម CNA បច្ចុប្បន្ន ព្យុះ «ឆាំពី» បានចាប់ផ្តើមថមថយឥទ្ធិពល និងចុះខ្សោយកម្លាំងមកត្រឹមល្បឿនខ្យល់ប្រហែល ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះនេះកំពុងស្ថិតនៅចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រភាគខាងកើតនៃតៃវ៉ាន់ ហើយកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងជើង ឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រនៃប្រទេសចិន៕