ស៊ីអាន៖ កីឡាការិនីចិន Zhang Shuihua បានសម្រេចចិត្តលាលែងពីអាជីពជាគិលានុបដ្ឋាយិកា ដើម្បីមកធ្វើជាអ្នករត់ប្រណាំងអាជីពពេញម៉ោង និងប្រមូលប្រាក់ចំណូលបានជិត ៧៥ម៉ឺនដុល្លារអាម៉េរិក ក្នុងរយៈពេលត្រឹមតែ ១០ខែ តាមរយៈប្រាក់រង្វាន់ឈ្នះការប្រកួត និងកិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្មធំៗ។ ជ័យជម្នះចុងក្រោយបង្អស់របស់នាង គឺនៅក្នុងព្រឹត្តិការណ៍ Xi'an Marathon កាលពីថ្ងៃទី១៨ ខែតុលា តាមរយៈការរត់បញ្ចប់ក្នុងថិរវេលា ២ម៉ោង ២៩នាទី និង ០៧វិនាទី។ជ័យជម្នះនេះ មិនត្រឹមតែជាកំណត់ត្រាផ្ទាល់ខ្លួនល្អបំផុតរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏បានបានបំបែកកំណត់ត្រាចាស់ប្រចាំព្រឹត្តិការណ៍របស់កីឡាការិនីអេត្យូពី កាលពីឆ្នាំ២០២៤ផងដែរ។
យោងតាមការចេញផ្សាយរបស់កាសែតVN Express ការផ្លាស់ប្តូរជីវិតរបស់ Zhang មិនមែនជាងាយស្រួលនោះទេ ដោយកាលពីមុន នាងត្រូវធ្វើការវេនយប់នៅមន្ទីរពេទ្យ និងឆ្លៀតពេលទំនេរតិចតួចដើម្បីហាត់ប្រាណ។ បញ្ហាប្រឈមក្នុងកាលវិភាគធ្វើការ និងការទទួលការងារផ្សព្វផ្សាយពាណិជ្ជកម្មក្រៅផ្លូវការ បានជំរុញឱ្យនាងសម្រេចចិត្តចាកចេញពីការងារមន្ទីរពេទ្យនៅដើមឆ្នាំ២០២៦។
ការហ៊ានសាងល្បងនេះបានហុចផលយ៉ាងសន្ធឹកសន្ធាប់ដល់នាង ដោយនាងបានឈ្នះការប្រកួតជាបន្តបន្ទាប់ ទទួលបានប្រាក់រង្វាន់ រថយន្តថ្មី និងកិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន ដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងកើនឡើងយ៉ាងខ្លាំង។
ទោះធ្លាប់ប្រឈមមុខនឹងរបួសបាក់ឆ្អឹង និងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ កីឡាការិនីរូបនេះនៅតែតស៊ូស្តារកាយសម្បទាឡើងវិញ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។ សមត្ថភាពរត់ដ៏ឆ្នើមនៅក្រុងស៊ីអាន ដែលមានថិរវេលាកៀកនឹងម្ចាស់មេដាយសំរឹទ្ធកីឡាអាស៊ី បានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពរបស់នាង។ នៅពេលសួរថាតើនាងស្តាយក្រោយដែរឬទេដែលបោះបង់អាជីពគិលានុបដ្ឋាយិកា Zhang បានអះអាងថា អ្វីដែលសំខាន់បំផុតគឺការសម្លឹងទៅមុខ និងរស់នៅក្នុងឆាកជីវិតបច្ចុប្បន្នឱ្យបានល្អបំផុត៕