ប៉ារីស៖ ក្រសួងមហាផ្ទៃបារាំងបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយប្រកាសថា កម្លាំងនគរបាលបានចាប់ខ្លួនមនុស្សសរុប ១.៣១៤ នាក់ និងបណ្តាលឱ្យមន្ត្រីប៉ូលិស ៥៣ នាក់រងរបួស ក្នុងអំឡុងពេលនៃការតវ៉ាទ្រង់ទ្រាយធំពេញមួយចុងសប្តាហ៍នៅទូទាំងប្រទេស។ ការតវ៉ានេះបានប្រែជាអំពើហិង្សានៅ ក្នងទីក្រុងធំៗកាលពីថ្ងៃសៅរ៍ ដែលបង្កឡើងដោយសារការមិនពេញចិត្តនឹងការកើនឡើងនៃថ្លៃចំណាយសម្រាប់ការរស់នៅ។អំពើហិង្សានេះកើតឡើងស្របពេលដែលប្រទេសបារាំងកំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែមេសា និងខែឧសភាខាងមុខនេះ ដើម្បីស្វែងរកអ្នកស្នងតំណែងពីប្រធានាធិបតី Emmanuel Macron ដែលជិតបញ្ចប់អាណត្តិទី ២ របស់លោក។
យោងតាមក្រសួងមហាផ្ទៃ ប៉ូលិសបានចុះអន្តរាគមន៍ពន្លត់អគ្គិភ័យចំនួន ៧៥ កន្លែង និងមានហាងទំនិញចំនួន ២៤ ត្រូវបានគេលួចប្លន់ ក្នុងនោះមានបាតុកររងរបួសធ្ងន់ធ្ងរយ៉ាងហោចណាស់ ២ ករណី គឺនៅទីក្រុង Toulouse និងនៅទីក្រុង Clermont-Ferrand ។ ថ្វីត្បិតតែប្រភពដើមនៃរបួសទាំងនោះកំពុងស្ថិតក្រោមការស៊ើបអង្កេតផ្លូវការ ប៉ុន្តែក្នុងអំឡុងពេលបាតុកម្មនិស្សិតនាពេលថ្មីៗនេះ មានករណីជាច្រើនដែលមនុស្សបានរងរបួសពិការ ដោយសារគ្រាប់បែកនិង ឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលិស។ បច្ចុប្បន្ន អាជ្ញាធរបារាំងបានបើកការស៊ើបអង្កេតជាច្រើនករណី ខណៈដែលស្ថានការណ៍ទូទៅបានវិលត្រឡប់មកស្ងប់ស្ងាត់វិញនៅយប់ថ្ងៃសៅរ៍។
គួររម្លឹកថាមហាកុបកម្មនៅប្រទេសបារាំងនៅទីក្រុងធំៗជាច្រើនរួមមានទីក្រុងប៉ារីស (Paris) ទីក្រុងលីម៉ូស (Limoges) ទីក្រុងម៉ាសៃ (Marseille) ទីក្រុងលីយ៉ុង (Lyon) ទីក្រុងណង់តេស (Nantes) ទីក្រុងនីស (Nice) និង ប៊រដូ (Bordeaux) ដោយមានមនុស្សប្រមាណ ២៨០០នាក់ត្រូវបានចាប់ខ្លួន ដើមហេតុដែលនាំឱ្យមានកុបកម្ម និងការតវ៉ាយ៉ាងខ្លាំងក្លានេះ បានវិវត្តចេញពីការប្រមូលផ្តុំតវ៉ាតាមដងផ្លូវ និងការបិទផ្លូវនៅតាមសាលារៀនអស់រយៈពេល ៤ សប្តាហ៍មកហើយ ដោយសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាល ដើម្បីទាមទារឱ្យមានការបន្ថែមគ្រូបង្រៀន ជួសជុលសាលារៀនដែលទ្រុឌទ្រោម និងផ្តល់ថវិកាបន្ថែមសម្រាប់សេវាសាធារណៈ។ ចលនានេះបានរីករាលដាលទៅជាការតវ៉ាប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយក្នុងជីវភាពរស់នៅ ដំបូងឡើយការដើរក្បួនដោយសន្តិវិធីកាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ត្រូវបានជ្រៀតជ្រែកដោយក្រុមបង្កចលាចល និងក្រុមចោរប្លន់ពាក់ម៉ាស់ ដែលបានវាយប្រហារលើអគាររដ្ឋ ដុតបំផ្លាញស្ថានីយរថយន្តក្រុង វាយបំបែកកញ្ចក់ហាង និងលួចយកទំនិញនៅតាមទីក្រុងធំៗដូចជា ប៉ារីស ប៊រដូ នីស និងម៉ាសៃ ជាដើម។ នៅទីក្រុង Limoges អគារសាលាក្រុងសាងសង់តាំងពីសតវត្សរ៍ទី ១៩ ត្រូវបានគេសម្រុកចូលដុតបំផ្លាញ និងគំរាមសម្លាប់បុគ្គលិកថែរក្សាអគារ៕