Khmer suport khmer cc time

ថៃកំពុងបារម្ភពីរឿង «សោកនាដកម្មភ្នំខ្មោច»ដែលបកអាក្រាតទង្វើររបស់ថៃលើជនភៀសខ្លួនកម្ពុជាកាលពីឆ្នាំ១៩៧៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Prapas Sornchaidee 

បាងកក៖ មន្ត្រីផ្នែកការពារជាតិ និងព័ត៌មានរបស់ប្រទេសថៃ បានចេញមុខអំពាវនាវឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ និងមានការប្រុងប្រយ័ត្ន ដោយស្នើឱ្យមានការបែងចែកឱ្យដាច់ស្រឡះរវាងការពិតនៃប្រវត្តិសាស្ត្រ និងការបន្ថែមពណ៌សម្បុរតាមបែបសិល្បៈភាពយន្ត បន្ទាប់ពីមានការជជែកដេញដោល និងភាពចម្រូងចម្រាសជុំវិញភាពយន្តកម្ពុជាមួយរឿងដែលមានចំណងជើងថា «Killing Fields 2: Blood Border» ដែលរៀបរាប់អំពីអំពើហិង្សាយោធា ក្នុងអំឡុងពេលវិបត្តិជនភៀសខ្លួននៅតាមព្រំដែនកាលពីឆ្នាំ ១៩៧៩។

លោកឧត្តមសេនីយ៍ឯកទ័ពអាកាសថៃលោក Prapas Sornchaidee នាយកមជ្ឈមណ្ឌលព័ត៌មានរួមថៃ-កម្ពុជា (JIC) បានទទួលស្គាល់ពីការលំបាកវេទនា និងការឈឺចាប់ដែលជនភៀសខ្លួនកម្ពុជាបានជួបប្រទះ ក្នុងអំឡុងពេលនៃការបញ្ជូនត្រឡប់មកប្រទេសវិញដោយបង្ខំកាលពីអតីតកាល ប៉ុន្តែលោកបានព្រមានកុំឱ្យយកប្រវត្តិសាស្ត្រមកប្រើប្រាស់ ដើម្បីញុះញង់ឱ្យមានអរិភាព ឬការស្អប់ខ្ពើមថ្មីរវាងប្រទេសជិតខាងទាំងពីរឡើយ។

ឆ្លើយតបនឹងឈុតឆាកក្នុង trailer ដែលបង្ហាញពីបុគ្គលស្លៀកឯកសណ្ឋានមានទង់ជាតិថៃប្រព្រឹត្តអំពើហិង្សា លោកបានបញ្ជាក់ថា៖ «ប្រទេសថៃគោរពការពិតនៃប្រវត្តិសាស្ត្រ និងទទួលស្គាល់ពីការឈឺចាប់របស់ជនភៀសខ្លួនកម្ពុជា។ ប៉ុន្តែ ភាពយន្តគឺជាស្នាដៃសិល្បៈច្នៃប្រឌិត។ ភស្តុតាងដែលបានផ្ទៀងផ្ទាត់ត្រូវតែបែងចែកចេញពីឈុតឆាកដែលត្រូវបានរៀបចំឡើងសម្រាប់ការសម្តែង»។

លោកថា បច្ចុប្បន្នមជ្ឈមណ្ឌល JIC និងកងទ័ពជើងគោកថៃ កំពុងពិនិត្យមើលខ្លឹមសារនៃភាពយន្តនេះ ប៉ុន្តែបានបញ្ជាក់ថាពុំទាន់មានមូលដ្ឋានណាមួយដែលតម្រូវឱ្យមានការហាមឃាត់ ឬចាត់វិធានការតបតនៅឡើយទេ។ ភាគីយោធាថៃបានណែនាំដល់សាធារណជនឱ្យពិចារណាព័ត៌មានដោយត្រឹមត្រូវ ព្រមទាំងបញ្ជាក់ថានឹងបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើងតាមរយៈបណ្តាញការទូត ឬក្របខ័ណ្ឌ JIC ដោយសន្តិវិធី។

គួរបញ្ជាក់ថា«សោកនាដកម្មភ្នំខ្មោច» គឺជាគម្រោងភាពយន្តប្រវត្តិសាស្ត្រទ្រង់ទ្រាយធំរបស់ផលិតកម្ម LD ផ្តោតលើព្រឹត្តិការណ៍ដ៏ឈឺចាប់នៅតំបន់ភ្នំខ្មោច បកអាក្រាតសកម្មភាពរបស់ថៃ ដើម្បីឱ្យមនុស្សជំនាន់ក្រោយបានស្គាល់ ស្វែងយល់ និងចងចាំពីទុក្ខវេទនាដែលប្រជាជនខ្មែរធ្លាប់ឆ្លងកាត់។ក្នុងរឿងនេះ ផលិតកម្មដាក់បញ្ចូលរឿងពិតរបស់អ្នកដែលធ្លាប់មានបទពិសោធ និងឆ្លងកាត់ព្រឹត្តិការណ៍នៅតំបន់ភ្នំខ្មោចដោយផ្ទាល់ ដើម្បីប្រមូលព័ត៌មាន ការចងចាំ និងសក្ខីកម្ម យកមកធ្វើជាមូលដ្ឋាន ក្នុងការចងក្រងសាច់រឿង។

ម្ចាស់ផលិតកម្ម LD លោក លៀក លីដា ធ្លាប់បានអះអាងថា ការវិនិយោគផលិតភាពយន្តនេះ មិនត្រឹមតែចង់នាំយករឿងរ៉ាវប្រវត្តិសាស្ត្រមកបង្ហាញដល់សាធារណជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងនាំការរៀបរាប់អំពីព្រឹត្តិការណ៍នេះទៅកាន់ទស្សនិកជនអន្តរជាតិ តាមរយៈស្នាដៃភាពយន្ត៕

Khcct banner

អត្ថបទទាក់ទង