Khmer suport khmer cc time

នារីជនជាតិ«ចិន»ម្នាក់ត្រូវគេបោកទៅថៃ ប៉ុនប៉ងនាំទៅព្រំដែនមីយ៉ាន់ម៉ា ប្រថុយលោតពីចេញពីរថយន្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ នារីជនជាតិចិនអាយុ ២៤ ឆ្នាំម្នាក់ ត្រូវបានបុរសជនជាតិចិនដែលស្គាល់គ្នាតាមប្រព័ន្ធអ៊ីនធឺណិត បោកបញ្ឆោតឱ្យធ្វើដំណើរមកកាន់ប្រទេសថៃ មុនពេលត្រូវក្រុមជនសង្ស័យប៉ុនប៉ងដឹកនាំនាងតម្រង់ទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។នារីរងគ្រោះបានសម្រេចចិត្តប្រថុយជីវិតរត់គេចខ្លួន ដោយបានលោតចេញពីរថយន្តដែលកំពុងបើកបរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកចិន ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ បន្ទាប់ពីនារីរងគ្រោះបានធ្វើដំណើរមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក។ ភ្លាមៗនោះ នាងបានឡើងជិះរថយន្តមួយគ្រឿងដែលបុរសជនជាតិចិនរូបនោះបានរៀបចំឱ្យមកទទួល ប៉ុន្តែមិនបាន ១០ នាទីផង ក្រុមជនសង្ស័យបានធ្វើសកម្មភាព បង្ខំដកហូតយកទូរស័ព្ទដៃ និងសម្ភារៈផ្ទាល់ខ្លួនរបស់នាងទាំងអស់ រួចបើករថយន្តដឹកនាងឆ្ពោះទៅភាគខាងជើងប្រទេសថៃ។ លុះពេលរថយន្តធ្វើដំណើរមកដល់ទីតាំងក្នុងខេត្តឡាំភូននារីរងគ្រោះបានឆ្លៀតឱកាសលោតចេញពីរថយន្តដែលកំពុងបើកបរ បណ្តាលឱ្យនាងរងរបួស ហើយភ្លាមៗនោះ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុបានជួយអន្តរាគមន៍ និងបញ្ជូននាងទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពីបានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ប៉ូលិសថៃបានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យជាបុរសជនជាតិថៃចំនួន ២ នាក់ នៅខេត្តតាក (Tak) និងខេត្តឈៀងម៉ៃ (Chiang Mai)។ នៅក្នុងការសាកសួរ ជនសង្ស័យម្នាក់បានសារភាពថា ខ្លួនធ្លាប់បានទទួលការងារដឹកជញ្ជូន និងនាំមនុស្សឆ្លងដែនខុសច្បាប់ជាច្រើនលើក ដោយទទួលបានប្រាក់កម្រៃចន្លោះពី ៥.០០០ ទៅ ១៥.០០០ បាត ក្នុងមួយជើង។ ប៉ូលិសថៃសង្ស័យថា មានជនជាតិចិនម្នាក់ទៀតជាអ្នកនៅពីក្រោយខ្នងនៃករណីនេះ ហើយអាចមានគម្រោងចាប់ជំរិតទារប្រាក់លោះពីគ្រួសារជនរងគ្រោះដែលរស់នៅប្រទេសចិន ខណៈសមត្ថកិច្ចកំពុងបន្តនីតិវិធីស៊ើបអង្កេតយ៉ាងសកម្ម។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៦ ខែតុលា កន្លងទៅនេះ ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញសេចក្តីព្រមានជាផ្លូវការអំពីករណីជនជាតិចិនត្រូវគេបោកបញ្ឆោត និងនាំយកទៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្រោមរូបភាពល្បិចកលផ្តល់ការងារប្រាក់ខែខ្ពស់ និងឱកាសធ្វើអាជីវកម្មជំនួញផ្សេងៗ៕

Khcct banner

អត្ថបទទាក់ទង