Khmer suport khmer cc time

កូរ៉េខាងជើង ដាក់បង្ហាញកាំភ្លើងធំចល័តនៅជិតព្រំដែន និងផ្ញើលិខិតព្រមានទៅអង្គការសហប្រជាជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ ភាពតានតឹងផ្នែកយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានកើនឡើងកម្តៅយ៉ាងខ្លាំងនៅដើមសប្តាហ៍នេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបន្តដាក់តាំងបង្ហាញអាវុធធុនធ្ងន់ជាសាធារណៈនៅជិតតំបន់ព្រំដែន និងបានផ្ញើលិខិតផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។យោងតាមភ្នាក់ងារសារព័ត៌មាន Reuters និង Yonhap បានរាយការណ៍នៅថ្ងៃច័ន្ទ ទី ២៦ ខែ តុលា នេះដោយផ្អែកលើការសង្កេតការណ៍ពីទីក្រុង Gimpo ប្រទេសកូរ៉េខាងត្បូងថា គេបានប្រទះឃើញកាំភ្លើងធំចល័ត (Self-propelled howitzer) ទំហំ ១២២ មីលីម៉ែត្ររបស់កូរ៉េខាងជើង ត្រូវបានដាក់តាំងបង្ហាញយ៉ាងច្បាស់នៅជិតព្រំដែន ព្រមទាំងមានយានយន្តពាសដែកចំនួន ៣ គ្រឿងចង្អុលកាណុងមកទិសខាងត្បូង និងទាហានប្រហែល ២០ ទៅ ៣០ នាក់កំពុងធ្វើការសាងសង់របង និងហ្វឹកហាត់នៅក្នុងតំបន់គ្មានយោធា (DMZ) និងតំបន់ឆ្នេរនៃស្រុក Kaepung។

បើតាមលោក Lim Eul-chul សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Kyungnam ក្នុងទីក្រុងសេអ៊ូល បានមានប្រសាសន៍ថា៖ «វាជារឿងមិនធម្មតាទេ (សម្រាប់កូរ៉េខាងជើង) ដែលដាក់តាំងបង្ហាញកាំភ្លើងធំចល័តរបស់ខ្លួនយ៉ាងច្បាស់លាស់បែបនេះ»។ លោកបានបន្ថែមថា៖ «តាមរយៈការដាក់តាំងបង្ហាញដោយចេតនានេះ កូរ៉េខាងជើងកំពុងបញ្ជូនសញ្ញាតាមរយៈសកម្មភាព មិនមែនតាមរយៈពាក្យសម្តីនោះទេ ថាខ្លួនមានបំណងអនុវត្តគោលនយោបាយព្រំដែនរបស់ខ្លួនដោយប្រើកម្លាំង ជាជាងការសន្ទនា ឬការចរចា»។ លោកបានបន្ថែមទៀតថា នេះក៏ជាការព្រមានដល់កូរ៉េខាងត្បូងឱ្យមានការប្រុងប្រយ័ត្នចំពោះការកើនឡើងនៃជម្លោះនៅតាមព្រំដែន ដោយមានបំណងចង់ទប់ស្កាត់កុំឱ្យមានការប៉ះទង្គិចគ្នាដោយចៃដន្យណាមួយកើតឡើង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា នៅក្នុងលិខិតដែលបានផ្ញើកាលពីថ្ងៃអាទិត្យ តំណាងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា កូរ៉េខាងជើងបានព្រមានថា ការរំលោភលើអធិបតេយ្យភាពរបស់ខ្លួនណាមួយមកកូរ៉េខាងជើងអាចនាំឱ្យមានវិធានការការពារខ្លួន ហើយកូរ៉េខាងត្បូងនឹងត្រូវ ទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់ដែលនឹងកើតឡើងតាមក្រោយ៕

Khcct banner

អត្ថបទទាក់ទង