Khmer suport khmer cc time

ចិន បើកការស៊ើបអង្កេតលើ«មន្ត្រីជាន់ខ្ពស់ ៧៣នាក់» ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ អាជ្ញាធរប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន បានបើកការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់ថ្នាក់អភិបាលខេត្ត និងថ្នាក់រដ្ឋមន្ត្រីឡើងទៅចំនួន ៧៣នាក់ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ ខណៈរដ្ឋាភិបាលចិន បន្តរឹតបន្តឹងយុទ្ធនាការបោសសម្អាតអំពើពុករលួយទ្រង់ទ្រាយធំ។ យោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយគណៈកម្មការកណ្តាលត្រួតពិនិត្យវិន័យ និងគណៈកម្មការជាតិត្រួតពិនិត្យរបស់ចិន កាលពីថ្ងៃទី២៧ ខែតុលា បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៦ ស្ថាប័នត្រួតពិនិត្យវិន័យទូទាំងប្រទេសបានទទួលពាក្យបណ្តឹង និងព័ត៌មានពីប្រជាពលរដ្ឋសរុបជាង ៣,៥លានករណី ក្នុងនោះមានប្រមាណ ៨៤៧,០០០ករណី គឺជាការរាយការណ៍ ឬប្តឹងចោទប្រកាន់លើមន្ត្រីផ្ទាល់។

ក្នុងរយៈពេលដូចគ្នា អាជ្ញាធរមានសមត្ថកិច្ចចិន បានបើកសំណុំរឿងស៊ើបអង្កេតសរុបប្រមាណ ៨០០,០០០ករណី ដោយបានចាត់វិធានការលើមន្ត្រីគ្រប់លំដាប់ថ្នាក់ រាប់ចាប់តាំងពីមន្ត្រីថ្នាក់អគ្គនាយកដ្ឋានចំនួន ៤,២០៣នាក់ មន្ត្រីថ្នាក់ស្រុកប្រមាណ ៣៤,០០០នាក់ មន្ត្រីថ្នាក់មូលដ្ឋាន ១១៤,០០០នាក់ រហូតដល់មេដឹកនាំភូមិ និងអតីតមេដឹកនាំភូមិចំនួន ៧៩,០០០នាក់។

ក្រៅពីនេះ អាជ្ញាធរចិន ក៏បានបើកការស៊ើបអង្កេតលើជនសង្ស័យផ្តល់សំណូកចំនួន ២៩,០០០នាក់ និងបានបញ្ជូនខ្លួនមនុស្សចំនួន ៣,០២០នាក់ទៅកាន់ស្ថាប័នអយ្យការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួនមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត-រដ្ឋមន្ត្រីដែលត្រូវស៊ើបអង្កេតមានការថយចុះពី ៩០នាក់ មកត្រឹម ៧៣នាក់ ប៉ុន្តែចំនួនសំណុំរឿងស៊ើបអង្កេតសរុបទូទាំងប្រទេសបានកើនឡើងពី ៧៨៩,០០០ករណី រហូតដល់ ៨០០,០០០ករណី។

គួរបញ្ជាក់ថា ការប្រកាសទិន្នន័យនេះ ធ្វើឡើងស្របពេលដែលគណបក្សកុម្មុយនិស្តចិន កំពុងរៀបចំកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០ នៅរាជធានីប៉េកាំង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ ផ្តោតរបៀបវារៈសំខាន់លើការពង្រឹងវិន័យផ្ទៃក្នុងបក្ស និងការគ្រប់គ្រងមន្ត្រីចិន ខណៈមជ្ឈដ្ឋានខាងក្រៅកំពុងតាមដានថា តើចិននឹងបន្តពង្រីកយុទ្ធនាការប្រឆាំងអំពើពុករលួយ និងពង្រឹងការត្រួតពិនិត្យមន្ត្រីយ៉ាងដូចម្តេច នៅមុនសមាជជាតិលើកទី២១ របស់គណបក្សកុម្មុយនិស្តចិន ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៧៕

Khcct banner

អត្ថបទទាក់ទង