Khmer suport khmer cc time

ប្រទេសធំៗនៅអឺរ៉ុប នឹងមកវិនិយោគនៅវៀតណាម ក្នុងទំហំទឹកប្រាក់ ជាង២២ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
លោក តូ ឡឹម (ស្តាំ, ទី៥) និងនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី ម៉ែត ហ្វ្រេឌេរិកសិន (Mette Frederiksen) (ឆ្វេង, ទី៤) ក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ រវាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនអាជីវកម្មនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA)

ហាណូយ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (To Lam) ទៅកាន់ប្រទេសដាណឺម៉ាក សហភាពអឺរ៉ុប (EU) និងប្រទេសប៊ែលហ្សិក ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា បានបើកផ្លូវឱ្យក្រុមហ៊ុន និងអាជីវកម្មធំៗរបស់អឺរ៉ុប បង្ហាញពីផែនការវិនិយោគលើគម្រោងសក្ដានុពលនៅវៀតណាម ក្នុងទំហំថវិកាប្រមាណ ២០ប៊ីលានអឺរ៉ូ (ប្រហែល ២២.៤ប៊ីលានដុល្លារអាម៉េរិក)។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជួយពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ និងលើកកម្ពស់ទំនាក់ទំនងការទូតប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការកៀរគរធនធានអន្តរជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាម។ ក្នុងនោះ ដាណឺម៉ាក និងវៀតណាម ក៏បានព្រមព្រៀងគ្នាតម្លើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលធ្វើឱ្យដាណឺម៉ាកក្លាយជាសមាជិក EU ទីពីរដែលមានទំនាក់ទំនងកម្រិតខ្ពស់បំផុតនេះជាមួយវៀតណាម។

លោក តូ ឡឹម អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អង់តូនីយ៉ូ កូស្តា (António Costa) (ឆ្វេង)។(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA)

ក្នុងអំឡុងពេលនៃជំនួបធុរកិច្ច លោក តូ ឡឹម បានអំពាវនាវឱ្យបណ្តាក្រុមហ៊ុនអឺរ៉ុបផ្លាស់ប្តូរទស្សនទានពី ការវិនិយោគនៅវៀតណាម ទៅជាការវិនិយោគរួមគ្នាជាមួយវៀតណាម ដោយផ្តោតលើការនាំយកសកម្មភាពស្រាវជ្រាវ និងបច្ចេកវិទ្យាច្នៃប្រឌិត ជំនួសឱ្យការបង្កើតត្រឹមតែរោងចក្រផលិតកម្មទូទៅ។ លោកតូ ឡឹម អះអាងថាជោគជ័យនៃគម្រោងបច្ចេកវិទ្យា មិនគួរវាស់វែងត្រឹមតែទំហំទឹកប្រាក់វិនិយោគនោះទេ ប៉ុន្តែត្រូវរាប់បញ្ចូលទាំងចំនួនវិស្វករវៀតណាមដែលទទួលបានការបណ្តុះបណ្តាល ការចូលរួមរបស់ក្រុមហ៊ុនក្នុងស្រុកទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតសមត្ថភាពប្រកួតប្រជែងថ្មីៗ។

លោក តូ ឡឹម និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ុយស៊ូឡា ហ្វុន ដឺ ឡេយិន (Ursula von der Leyen)។(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA)

វៀតណាមនឹងផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរថាមពល ថាមពលខ្យល់ក្រៅឆ្នេរ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងភស្តុភារកម្មបៃតងទៅកាន់ដាណឺម៉ាកវិញ។ ជាមួយសហភាពអឺរ៉ុប វៀតណាមនឹងស្នើគម្រោងនានាក្រោមយុទ្ធសាស្ត្រ Global Gateway, ដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) និង Horizon Europe ព្រមទាំងគំនិតផ្ដួចផ្ដើមផ្នែកបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ដោយឡែកជាមួយប៊ែលហ្សិក ការផ្តោតសំខាន់នឹងធ្វើឡើងលើវិស័យកំពង់ផែសមុទ្រ ថាមពលស្អាត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញកម្រិតខ្ពស់៕

ព្រះមហាក្សត្រប៊ែលហ្សិក ហ្វីលីប (Philippe) (ស្តាំ, ទី២) និងព្រះរាជិនី ម៉ាទីលដ៍ (Mathilde) (ឆ្វេង, ទី១) ស្តេចយាងទទួលបដិសណ្ឋារកិច្ចផ្លូវការចំពោះ ម លោក តូ ឡឹម (ឆ្វេង, ទី២) និងលោកជំទាវ ង៉ូ ភឿងលី (Ngo Phuong Ly) ជាភរិយា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA)


Khcct banner

អត្ថបទទាក់ទង