ហាណូយ៖ ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យយោធាមជ្ឈិម ១០៨ ក្នុងទីក្រុងហាណូយ បានកាត់បំបែកដុំសាច់ខ្លាញ់ទំហំដ៏ធំខុសប្រក្រតី ចេញពីករបស់បុរសវ័យ ៤២ឆ្នាំម្នាក់ ដោយជោគជ័យ ក្រោយរូបគេបានទ្រាំរស់នៅជាមួយ ការឈឺចាប់ និងអាការពិបាកដកដង្ហើមអស់រយៈពេលជាងមួយទសវត្សរ៍។ យោងតាមកាសែត Tuoi Tre News ដុំសាច់ខ្លាញ់នេះបានរីកធំធាត់បន្តិចម្តងៗនៅផ្នែកខាងមុខក និងទ្រូង ដែលមិនត្រឹមតែធ្វើឱ្យបាត់បង់រូបសម្រស់ និងទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសង្កត់លើសរសៃឈាម និងបំពង់ខ្យល់ បង្កការឈឺចាប់យ៉ាងខ្លាំង។
ប្រតិបត្តិការវះកាត់ដែលមានរយៈពេលច្រើនម៉ោងនេះ ប្រឈមនឹងហានិភ័យ និងភាពស្មុគស្មាញខ្ពស់បំផុត ដោយសារដុំសាច់មានទំហំធំ និងស្ថិតនៅចំតំបន់កផ្នែកខាងមុខ ដែលសម្បូរទៅដោយសរសៃឈាមធំៗ និងប្រព័ន្ធសរសៃប្រសាទសំខាន់ៗ។ ក្រុមគ្រូពេទ្យត្រូវប្រើប្រាស់បច្ចេកទេសបំបែកដុំសាច់យ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីចៀសវាងការដាច់សរសៃឈាម ឬប៉ះពាល់ដល់សរីរាង្គក្បែរខាង ព្រមទាំងបានរៀបចំការតម្រឹមស្បែក រៀបចំសាច់ជុំវិញកឡើងវិញ ដើម្បីធានាឱ្យមានចរន្តឈាមរត់បានល្អ និងរក្សាសភាពល្អអាចទទួលយកបាន ក្រោយការវះកាត់។
ក្រុមគ្រូពេទ្យក្រុងហាណូយ បានអំពាវនាវដល់សាធារណជន ឱ្យប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ប្រសិនបើកត់សម្គាល់ឃើញមានដុំពកខុសប្រក្រតីនៅលើរាងកាយ ដោយចៀសវាងដាច់ខាតនូវការព្យាបាលដោយខ្លួនឯង ឬបណ្តោយឱ្យដុំសាច់នោះរីកធំរហូតបង្កជាគ្រោះថ្នាក់៕