ម៉ែសូត៖ កងកម្លាំងថៃ បានចេញកម្លាំងដាក់ពង្រាយតាមបណ្តោយទន្លេម៉ើយ (Moei River) ជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា ព្រមទាំងចេញសារព្រមានអនុវត្តតាមច្បាប់ស្តីពីការចូលប្រយុទ្ធ ប្រសិនបើមានគ្រាប់បាញ់ឆ្លងដែនចូលដីថៃ។កាសែតថៃខោស៊ត បានរាយការណ៍នៅល្ងាចថ្ងៃ ច័ន្ទ ទី ២៦ តុលានេះថា យោធាថៃ បានបង្កើនការដាក់ពង្រាយកងទ័ព ប៉ុស្តិ៍ត្រួតពិនិត្យ ការល្បាតតាមផ្លូវគោក និងផ្លូវទឹកតាមបណ្តោយទន្លេម៉ើយ (Moei River) ព្រមទាំងប្រើប្រាស់ដ្រូន (Drones) តាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។
ចំណាត់ការរបស់ថៃនេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា និងអាជ្ញាធរយោធាមីយ៉ាន់ម៉ា នៅជិតតាមបណ្តោយព្រំដែនរបស់ថៃ ដោយការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវរវាងភាគីទាំងពីរនេះ បានធ្វើឱ្យមានគ្រាប់កាំភ្លើង និងគ្រាប់កាំភ្លើងធំផ្លាតបាញ់ឆ្លងដែនធ្លាក់ចូលមកក្នុងទឹកដីថៃ ព្រមទាំងបង្កឱ្យមានប្រជាជនជាច្រើនរត់ភៀសខ្លួនឆ្លងដែនមកស្វែងរកជម្រកសុវត្ថិភាព ដែលជាហេតុធ្វើឱ្យកងទ័ពថៃត្រូវដាក់ចេញវិធានការការពារអធិបតេយ្យភាព និងសុវត្ថិភាពប្រជាជនរបស់ខ្លួន។
កងកម្លាំងណារេសួនថៃ បានប្រកាសជាផ្លូវការនៅថ្ងៃ ច័ន្ទ នេះអំពីការដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចំនួន ៤ ចំណុច ដើម្បីឆ្លើយតប និងទប់ស្កាត់ករណីគ្រាប់កាំភ្លើង និងគ្រាប់កាំភ្លើងធំធ្លាក់ចូលមកក្នុងទឹកដីថៃ ពីការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។ វិធានការទាំង ៤ រួមមាន៖ ការការពារផ្នែកយោធានិងព្រំដែន, ការសម្របសម្រួលផ្នែកការទូត, ការការពារនិងផ្តល់សំណងដល់ជនស៊ីវិល, និងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលកំពុងរត់ភៀសខ្លួនពីសង្គ្រាម៕