អាម៉េរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសកាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ថា ខ្លួនកំពុងដាក់ចេញនូវកម្មវិធីផ្តល់សំណងស្ម័គ្រចិត្តដល់បុគ្គលិកប្រហែល ៦០.០០០ នាក់ដែលស្ម័គ្រចិត្តលាឈប់ (ស្មើនឹងជាងមួយភាគបួននៃកម្លាំងពលកម្មសរុប ២២៣.០០០ នាក់ទូទាំងពិភពលោក) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងការចំណាយ និងតម្រង់ទិសថវិកាយ៉ាងធំធេងទៅលើការអភិវឌ្ឍវិស័យបញ្ញាសិប្បនិម្មិត (AI)។ កម្មវិធីស្ម័គ្រចិត្តនេះ អនុវត្តចំពោះបុគ្គលិកក្នុងប្រទេសកាណាដា ឥណ្ឌា ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ដែលមានឋានៈកម្រិតទាបនៅក្នុងផ្នែកសំខាន់ៗដូចជា AI, Copilot, ហិរញ្ញវត្ថុ, ធនធានមនុស្ស, Xbox និងផ្នែក Windows + ឧបករណ៍នានា ដើម្បីទប់ស្កាត់ការចំណាយ និងជំនួសកម្លាំង AI វិញ។
បើតាមលោកស្រី Amy Coleman ប្រធានផ្នែកធនធានមនុស្សរបស់ Microsoft បានបញ្ជាក់ក្នុងសារផ្ញើជូនបុគ្គលិកថា សំណងនេះជាជម្រើសថ្មីសម្រាប់បុគ្គលិកដែលកំពុងពិចារណាផ្លាស់ប្តូរការងារនៅក្រៅក្រុមហ៊ុន ឱ្យចាកចេញដោយមានការគាំទ្រ និងជួយឱ្យក្រុមហ៊ុនអាចកែសម្រួលកម្លាំងពលកម្មឱ្យស្របតាមតម្រូវការទីផ្សារដែលកំពុងផ្លាស់ប្តូរ។
គួររម្លឹកថាការស្វែងរកវិធីកាត់បន្ថយចំណាយនេះ កើតឡើងក្នុងបរិបទដែល Microsoft ព្យាករណ៍ថា នឹងត្រូវចំណាយដើមទុន (Capital expenditures) រហូតដល់ ១៧៥ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ ទៅលើមជ្ឈមណ្ឌលទិន្នន័យ AI និងបន្ទះឈីប បន្ទាប់ពីក្រុមហ៊ុនធ្លាប់បានកាត់បន្ថយបុគ្គលិក ៩.០០០ នាក់នៅអាម៉េរិកនាដើមឆ្នាំ និង ៤.៨០០ នាក់ក្នុងផ្នែក Xbox កាលពីខែកក្កដាកន្លងទៅ។ ក្រោយការប្រកាសនេះ តម្លៃភាគហ៊ុនរបស់ Microsoft បានកើនឡើងប្រហែល ១ ភាគរយបន្ថែមទៀតនៅថ្ងៃចន្ទ៕