វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota កំពុងរៀបចំប្រមូលរថយន្តចំនួន ២២៨,៣៦៧ គ្រឿងត្រឡប់មកវិញនៅក្នុងសហរដ្ឋអាម៉េរិក ក្រោយពេលរកឃើញហានិភ័យផ្នែកខាងក្រោយនៃកៅអី អាចនឹងមិននៅជាប់នឹងទីតាំងបានល្អប្រសើរ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមការប្រកាសជាផ្លូវការពីស្ថាប័នគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិរបស់សហរដ្ឋអាម៉េរិក (NHTSA) កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦។
យោងតាមការឱ្យដឹងពីស្ថាប័ន NHTSA ការប្រមូលរថយន្តចូលរោងចក្រវិញនាពេលនេះ គឺផ្តោតលើរថយន្តម៉ូដែល Toyota Sienna Hybrid ដែលផលិតក្នុងចន្លោះឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។ NHTSA បានពន្យល់ថា ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍បុកពីខាងមុខ កម្លាំងនៃការប៉ះទង្គិចអាចធ្វើឱ្យផ្នែកខាងក្រោយនៃកៅអីរបូតចេញពីទីតាំងចាក់សោ ដែលបង្កជាហានិភ័យមិនអាចទប់អ្នកដំណើរបានត្រឹមត្រូវ និងបង្កើនគ្រោះថ្នាក់នៃការរងរបួសកាន់តែខ្ពស់។ជាការដោះស្រាយ ខាងតំណាងចែកចាយ (ដេប៉ូ) របស់ Toyota នឹងធ្វើការអាប់ដេតកម្មវិធី (Software) ឬផ្លាស់ប្តូរផ្នែកខាងក្រោយនៃកៅអីជូនអតិថិជនដោយឥតគិតថ្លៃ ផ្អែកលើការកំណត់រចនាសម្ព័ន្ធជាក់លាក់នៃរថយន្តនីមួយៗ៕