Khmer suport khmer cc time

តុលាការចិន ផ្តន្ទាទោស«ប្រហារជីវិតដោយព្យួរទោស ២ឆ្នាំ» លើអតីតមន្ត្រីជាន់ខ្ពស់ស្ថាប័នមូលបត្រ ពីបទទទួលសំណូកជាង ៦៤លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ តុលាការប្រជាជនកម្រិតមធ្យមក្រុង Chengdu ខេត្តស៊ីឈួន កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ បានសម្រេចផ្តន្ទាទោសប្រហារជីវិតដោយព្យួរទោសរយៈពេល ២ឆ្នាំ លើលោក Wang Huimin អតីតប្រធានក្រុមអធិការកិច្ច និងជាអតីតសមាជិកគណៈកម្មាធិការបក្សនៃគណៈកម្មការរៀបចំប្រព័ន្ធមូលបត្រចិន (CSRC) ក្រោមបទចោទប្រកាន់ពីបទទទួលសំណូកក្នុងទំហំទឹកប្រាក់ជាង ៦៤លានដុល្លារ។ តុលាការក៏បានសម្រេចដកសិទ្ធិនយោបាយរបស់លោកអស់មួយជីវិត និងរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ចូលជាសម្បត្តិរដ្ឋ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន Xinhua។

តាមសាលក្រមរបស់តុលាការចិន បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៥ លោក Wang Huimin បានកេងប្រវ័ញ្ចអំណាច និងតួនាទីរបស់លោក ទាំងនៅក្នុងតំបន់ស្វយ័តស៊ីនជាំង និងស្ថាប័ន CSRC ដើម្បីជួយសម្រួលដល់អាជីវកម្ម ក៏ដូចជាការកៀរគរដើមទុនឱ្យដល់ក្រុមហ៊ុន និងបុគ្គលជាច្រើន។ ជាថ្នូរនឹងការជួយសម្រួលនេះ លោកបានទទួលសាច់ប្រាក់ និងទ្រព្យសម្បត្តិខុសច្បាប់សរុបជាង ៤៣៦លានយ័ន (ប្រមាណ ៦៤.៨៨លានដុល្លារអាម៉េរិក)។

តុលាការបានបញ្ជាក់ថា ទំហំទឹកប្រាក់សំណូកនេះមានទំហំធំធេងខ្លាំង និងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់រដ្ឋ និងប្រជាជន ដែលជាបទល្មើសត្រូវទទួលទោសប្រហារជីវិតជាគោលការណ៍។ទោះជាយ៉ាងណា តុលាការបានសម្រេចផ្តល់ការបន្ធូរបន្ថយទោសមកត្រឹមការប្រហារជីវិតដោយព្យួរទោស ២ឆ្នាំ ដោយសារលោក Wang Huimin បានសារភាពកំហុសដោយស្មោះត្រង់ ស្ម័គ្រចិត្តលាតត្រដាងអង្គហេតុនៃបទល្មើសផ្សេងទៀតដែលសមត្ថកិច្ចមិនទាន់រកឃើញ ព្រមទាំងបានបង្ហាញការស្តាយក្រោយ និងសហការប្រគល់ប្រាក់សំណូកមួយផ្នែកត្រឡប់មកវិញ។

គួរបញ្ជាក់ថា បន្ទាប់ពីផុតរយៈពេលព្យួរទោស ២ឆ្នាំ ទោសប្រហារជីវិតនេះនឹងត្រូវប្តូរមកជាការដាក់ពន្ធនាគារអស់មួយជីវិត ដោយគ្មានការបន្ធូរបន្ថយទោស ឬដោះលែងឱ្យមានសេរីភាពមុនកាលកំណត់ឡើយ ស្ថិតក្រោមយុទ្ធនាការបង្ក្រាបអំពើពុករលួយយ៉ាងក្តៅគគុករបស់រដ្ឋាភិបាលក្រុងប៉េកាំង៕

Khcct banner

អត្ថបទទាក់ទង