វ៉ាស៊ីនតោន៖ លោក Jack Weis អាយុ ៣០ ឆ្នាំ ជាបណ្ឌិត (Ph.D.) ផ្នែកវិស្វកម្មគីមីពីសាកលវិទ្យាល័យ Princeton នៃសហរដ្ឋអាម៉េរិកនិងបានបញ្ចប់បរិញ្ញាបត្រដោយនិទ្ទេសខ្ពស់បំផុតបានដាក់ពាក្យស្វែងរកការងារជាង ២.៣០០ កន្លែង ចាប់តាំងពីបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២៤ មក ប៉ុន្តែនៅតែមិនអាចទទួលបានការងារធ្វើ និងត្រូវត្រឡប់មក រស់នៅក្នុងបន្ទប់ក្រោមដីនៃផ្ទះឪពុកម្តាយរបស់លោកក្នុងក្រុង Salt Lake City វិញ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ។
លោក Jack Weis ក៏ធ្លាប់បានទទួលពានរង្វាន់ណូបែលថែមទៀត គណៈកម្មាធិការណូបែលបានលើកឡើងពីការងារស្រាវជ្រាវរបស់លោក Weis ពាក់ព័ន្ធនឹងគោលការណ៍គីមីនៃការកកើតទឹកកក និងអន្តរកម្មម៉ូលេគុល នៅក្នុងការប្រកាសជ័យលាភីពានរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ ២០២៤។ ទោះបីជាមានប្រវត្តិសិក្សា និងសមិទ្ធផលលេចធ្លោបែបនេះក៏ដោយ លោកបានជួបប្រទះការបដិសេធ ឬគ្មានការឆ្លើយតបសោះ ទាំងក្នុងការងារស្រាវជ្រាវឱសថ មន្ទីរពិសោធន៍ជាតិ វិស្វកម្មកម្មវិធី និងសូម្បីតែការងារផ្នែករៀបចំអាហារ។ កន្លងមក លោកធ្លាប់ធ្វើការជាអ្នកជួយបណ្តុះបណ្តាលប្រព័ន្ធ AI ឱ្យក្រុមហ៊ុន Mercor ក្នុងតម្លៃ ៧០ ដុល្លារ/ម៉ោង ប៉ុន្តែការងារនោះមានម៉ោងមិនទៀងទាត់ និងបានបញ្ចប់ទៅវិញ។
ជាមួយគ្នានេះដែរ អ្នកស្រី Alicia Contreras អតីតមន្ត្រីនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលមានសញ្ញាបត្រអនុបណ្ឌិត MBA និងបទពិសោធន៍ ១៧ ឆ្នាំក្នុងការងារសាធារណៈ បានប្រាប់កាសែត The Guardian ថា អ្នកស្រីជួបការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកការងារ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានបិទប្រតិបត្តិការភាគច្រើនរបស់ USAID នៅក្រៅប្រទេស។ បន្ទាប់ពីត្រឡប់មកតំបន់ Washington, D.C. វិញ និងបានដាក់ពាក្យជិត ១០០ កន្លែង អ្នកស្រីទទួលបានត្រឹមតែការបដិសេធ និងកិច្ចសម្ភាសន៍តាមវីដេអូដែលប្រើប្រាស់ AI ប៉ុណ្ណោះ ដោយអ្នកស្រីបានរៀបរាប់ថា «ទីផ្សារការងារនៅទីនេះគឺពេញណែនហួសកម្រិតហើយ»។
យោងតាមការស្ទង់មតិលើអ្នកស្វែងរកការងារចំនួន ២១៨ នាក់ ដោយក្រុមហ៊ុន Andrew Hudson’s Jobs List, Inc. បានបង្ហាញថា ៦១% បានសម្តែងក្តីបារម្ភចំពោះការដែលនិយោជកមិនឆ្លើយតបសោះ រួមទាំងបញ្ហារើសអើងអាយុ ការប្រកួតប្រជែងខ្ពស់ ការបង្ហោះការងារក្លែងក្លាយ និងការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងដំណើរការជ្រើសរើសបុគ្គលិកដែលធ្វើឱ្យបាត់បង់ភាពស្និទ្ធស្នាលរវាងមនុស្ស និងមនុស្ស៕