Khmer suport khmer cc time

ពលរដ្ឋវៀតណាមជាង ៤ម៉ឺននាក់ ចាញ់បោកល្បិច «វិនិយោគលើកម្មវិធី AI ឡាយលក់ទំនិញ» អស់ប្រមាណ ១៦លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ អាជ្ញាធរវៀតណាម បានសម្រេចចោទប្រកាន់ជាផ្លូវការលើជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធនឹងបទល្មើសលាងលុយកខ្វក់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈកម្មវិធីទូរស័ព្ទឈ្មោះ «Tatao Live»។ ការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីបណ្តាញឆបោកឆ្លងដែនមួយនេះ បានបោកប្រាស់ប្រាក់ពីពលរដ្ឋវៀតណាមជាង ៤ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៤០៧ប៊ីលានដុង (ជិត ១៦លានដុល្លារអាម៉េរិក) ដោយប្រើរូបភាពជាកម្មវិធីលក់ទំនិញតាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។នេះបើយោងតាមការចេញផ្សាយរបស់កាសែតVN Express ថ្ងៃ ២៥ ខែតុលា។

តាមការស៊ើបអង្កេតបានឱ្យដឹងថា ក្រុមមេខ្លោងជាជនបរទេស បានបង្កើតក្រុមហ៊ុនស្រមោលនៅវៀតណាម កាលពីពាក់កណ្តាលឆ្នាំ២០២៥ ហើយបានផ្សព្វផ្សាយថាកម្មវិធី «Tatao Live» គឺជាបច្ចេកវិទ្យា AI ជំនាន់ថ្មី អាចឡាយលក់ទំនិញជំនួសមនុស្សដោយស្វ័យប្រវត្តិ។ ក្រុមនេះបានរៀបចំសិក្ខាសាលាទាក់ទាញពលរដ្ឋ ឱ្យបោះទុនទិញ «កញ្ចប់សេវា AI» ចាប់ពី ១១៥ដុល្លារ ដល់ជិត ១៧,០០០ដុល្លារ ដោយសន្យាឱ្យប្រាក់ចំណេញរាល់ថ្ងៃ គ្រាន់តែចូលមើលវីដេអូខ្លីៗពី ៣០វិនាទី ទៅ ១នាទី។ ក្នុងសប្តាហ៍ដំបូង ពួកគេបានបង់ប្រាក់ចំណេញតាមការសន្យា ដើម្បីបង្កើតទំនុកចិត្ត និងជំរុញឱ្យជនរងគ្រោះប្រាប់បន្តទៅសាច់ញាតិ ឬមិត្តភក្តិឱ្យចូលរួមបន្ថែមទៀត។

សមត្ថកិច្ចវៀតណាម បានរកឃើញថា កម្មវិធីនេះពុំមានការទិញលក់ទំនិញពិតប្រាកដនោះឡើយ ដោយវាគឺជាទម្រង់ឆបោក «យកប្រាក់អ្នកក្រោយ ទៅបង់ឱ្យអ្នកមុន» (Ponzi Scheme) ប៉ុណ្ណោះ។ នៅពេលប្រមូលប្រាក់បានច្រើន ក្រុមនេះបានបិទប្រព័ន្ធមិនឱ្យជនរងគ្រោះដកប្រាក់បាន រួចគេចខ្លួន និងព្យាយាមផ្ទេរប្រាក់ចេញទៅបរទេស។

បច្ចុប្បន្ន អាជ្ញាធរវៀតណាមបានបង្កកគណនីធនាគារពាក់ព័ន្ធបានចំនួន ៨.៦ប៊ីលានដុង (ប្រមាណ ៣៣ម៉ឺនដុល្លារ) ខណៈការត្រួតពិនិត្យផ្នែកបច្ចេកវិទ្យាបានរកឃើញថា អាសយដ្ឋាន Server របស់កម្មវិធីនេះ ស្ថិតនៅលើប្រព័ន្ធ Cloud របស់ក្រុមហ៊ុន Alibaba ក្នុងប្រទេសចិន៕

Khcct banner

អត្ថបទទាក់ទង