តាក៖ ប្រជាពលរដ្ឋថៃជាង ២០០នាក់ រស់នៅក្នុងស្រុក Mae Sot ខេត្ត Tak ជាប់ព្រំដែនមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានជួបជុំគ្នានៅសាលាបឋមសិក្សា Ban Mae Kon Ken ដើម្បីដាក់ញត្តិទាមទារឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការការពារសុវត្ថិភាពជាបន្ទាន់ ក្រោយពេលគ្រាប់កាំភ្លើង និងគ្រាប់ផ្លោងចេញពីការប្រយុទ្ធគ្នាក្នុងទឹកដីមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភូមិរបស់ពួកគេជាបន្តបន្ទាប់ បណ្តាលឱ្យខូចខាតផ្ទះសម្បែង និងមានពលរដ្ឋរងរបួស។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត នៅក្នុងការជួបជុំនោះ តំណាងសហគមន៍បាន កាន់បដាទាមទារនូវចំណុចសំខាន់ៗចំនួន ៥ រួមមាន ការផ្តល់ប្រាក់ឧបត្ថម្ភ និងសំណងខូចខាតសង្គ្រោះបន្ទាន់, ការចាត់វិធានការទប់ស្កាត់កុំឱ្យភាគីជម្លោះក្នុងដីមីយ៉ាន់ម៉ា បាញ់ប្រហារមកប៉ះពាល់ដល់សហគមន៍ថៃ, ការរៀបចំទីតាំងសុវត្ថិភាព និងសាងសង់ជម្រក ឬត្រង់សេ នៅក្នុងភូមិទាំង៤ ដែលរងផលប៉ះពាល់,ការដំឡើងប្រព័ន្ធផ្តល់សញ្ញាអាសន្នជាមុន នៅពេលមានការប្រយុទ្ធគ្នា, និង ការការពារអធិបតេយ្យភាពទឹកដីថៃ ដោយទាមទារឱ្យបញ្ចប់ការប្រយុទ្ធ។
គួររំឭកថា ការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល នៅតាមបណ្តោយព្រំដែនក្បែរស្រុក Mae Sot បានកើនឡើងកម្ដៅយ៉ាងខ្លាំងនាពេលថ្មីៗនេះ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថៃតាមព្រំដែន។ បន្ទាប់ពីការថ្លែងការណ៍ តំណាងប្រជាពលរដ្ឋថៃ បានប្រគល់ញត្តិនេះជាផ្លូវការ ជូនដល់អភិបាលស្រុក Mae Sot តំណាងកងកម្លាំងពិសេស Rajamanu ព្រមទាំងតំណាងរាស្ត្រក្នុងតំបន់ ដើម្បីបញ្ជូនបន្តទៅកាន់រដ្ឋាភិបាលកណ្តាលនៅទីក្រុងបាងកក ជួយពន្លឿនការដោះស្រាយជាបន្ទាន់៕