Khmer suport khmer cc time

ចិន ថាទទួលយកការសុំទោសរបស់លោក Kylian Mbappé ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាក្នុងប្រទេសត្រូវកាត់ផ្តាច់ភ្លាមៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉េកាំង៖ ក្រសួងការបរទេសចិនបានប្រកាសនៅរសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ នេះថា ខ្លួនទទួលយកការសុំទោសពីតារាបាល់ទាត់ឆ្នើមរបស់ក្លឹប Real Madrid និងជាប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappé ដោយ «យកចិត្តទុកដាក់» បន្ទាប់ពីការលើកឡើងក្នុងន័យលេងសើចពាក់ព័ន្ធនឹងអតីតប្រធានាធិបតី និងជាមេដឹកនាំស្ថាបនិកចិន លោក ម៉ៅ សេទុង (Mao Zedong) បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ទីក្រុងប៉េកាំងបានទទួលស្គាល់នូវសេចក្តីថ្លែងការណ៍សុំទោសជា ៣ ភាសា (ចិន បារាំង និងអង់គ្លេស) របស់ Mbappé។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងប្រព័ន្ធផ្សព្វផ្សាយប្រឆាំងនឹងរូបលោកនៅតែបន្តកើតមានយ៉ាងធ្ងន់ធ្ងរ ដោយស្ថានីយទូរទស្សន៍រដ្ឋចិន CCTV (គ្រប់គ្រងដោយ CMG) បានសម្រេចចិត្តផ្អាកការផ្សាយការប្រកួតលីគបាល់ទាត់អេស្ប៉ាញ La Liga ជាបណ្តោះអាសន្ន ខណៈគណនីបណ្តាញសង្គមផ្លូវការរបស់ Mbappé លើកម្មវិធី Weibo និង Xiaohongshu ត្រូវបានអាជ្ញាធរចិនបង្កក ឬលុបចោលទាំងស្រុង។

បន្ថែមពីលើការផ្តាច់កិច្ចសន្យាពីសំណាក់ក្រុមហ៊ុនក្នុងស្រុកចិនដូចជា Dongpeng, Mengniu និង Milkground ម៉ាកយីហោល្បីៗលើពិភពលោក រួមមាន Dior និង Hublot ក៏បានលុបរូបភាព និងមាតិកាពាក់ព័ន្ធនឹង Mbappé ចេញពីទំព័រ Weibo របស់ខ្លួនផងដែរ ខណៈហាងលក់ទំនិញធំរបស់ Adidas ក្នុងទីក្រុងប៉េកាំង បានជម្រះអាវដែលមានឈ្មោះរបស់កីឡាករូបនេះចេញពីធ្នើរ។ កាសែតផ្លូវការ People's Daily របស់បក្សកុម្មុយនីស្តចិន បានចុះផ្សាយអត្ថបទមតិយោបល់ដោយសង្កត់ធ្ងន់ថា ការរៀនសូត្រពីរបៀបគោរពប្រវត្តិសាស្ត្រ វប្បធម៌ និង «អារម្មណ៍ជាតិ» របស់ប្រជាជាតិដទៃ គឺជាមេរៀន និងជាគោលការណ៍គ្រឹះដ៏សំខាន់ដែលគ្រប់គ្នាចាំបាច់ត្រូវតែអនុវត្ត។

គួររម្លឹកថាកីឡាករបាល់ទាត់ឆ្នើមសញ្ជាតិបារាំង Kylian Mbappé បានចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈកាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ ចំពោះការលើកឡើងរបស់លោកនៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ដែលបានហៅអតីតប្រធានាធិបតី និងជាមេដឹកនាំស្ថាបនិកចិនកុម្មុយនីស្ត លោក ម៉ៅ សេទុង (Mao Zedong) ថាជា «មេដឹកនាំផ្តាច់ការ» តាមរយៈការរៀបរាប់អំពី រូបភាពកំប្លែង ដែលលោកពេញចិត្ត។ ដើមហេតុនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជនចិន និងជំរុញឱ្យក្រុមហ៊ុនធំៗក្នុងស្រុកចិនយ៉ាងហោចណាស់ចំនួនបី ប្រកាសផ្តាច់កិច្ចសន្យាពាណិជ្ជកម្មជាមួយរូបលោកភ្លាមៗ៕

Khcct banner

អត្ថបទទាក់ទង