Khmer suport khmer cc time

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ធានាផ្តល់ភាពកក់ក្តៅដល់ «ទេសចរលើនាវាអន្តរជាតិ ODYSSEY»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ព្រះសីហនុ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្ដម ហួត ហាក់ រួមជាមួយក្រុមការងារបច្ចេកទេស នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាផ្ទាល់ជាមួយអ្នកដំណើរ និងនាវិកនៅលើនាវាទេសចរណ៍ខ្នាតយក្ស ODYSSEY ដើម្បីស្តាប់ពីក្តីកង្វល់ និងស្វែងយល់ពីតម្រូវការចាំបាច់នានា ក្រោយពេលដែលពួកគេបានជួបប្រទះនូវការរំខានក្នុងអំឡុងពេលធ្វើដំណើរ។ ការចុះជួបអន្តរាគមន៍នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាតែងតែផ្តល់អាទិភាពខ្ពស់ជានិច្ចលើសុខុមាលភាព សុវត្ថិភាព និងកិត្តិយសរបស់ភ្ញៀវទេសចរអន្តរជាតិទាំងអស់។ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធទាំងអស់ បានប្តេជ្ញាបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់កិច្ចអន្តរាគមន៍ និងការសម្របសម្រួលផ្សេងៗដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាការឆ្លើយតប ប្រធាននាវាទេសចរណ៍ ODYSSEY បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ជូនចំពោះរដ្ឋមន្ត្រី និងក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះមកជួយឧបត្ថម្ភ គាំទ្រ និងសហការយ៉ាងជិតស្និទ្ធដល់លើនាវា។ លោកបានបញ្ជាក់ថា កិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរកម្ពុជានាពេលនេះ គឺជាការលើកទឹកចិត្ត និងជាជំនួយដ៏មានតម្លៃឥតគណនាសម្រាប់នាវា ព្រមទាំងអ្នកដំណើរទាំងអស់ក្នុងអំឡុងពេលប្រឈមនឹងការលំបាកនេះ។

ទាក់ទងនឹងផែនការធ្វើដំណើរ បន្ត ប្រធាននាវារូបនេះបានឱ្យដឹងថា នាវាគ្រោងនឹងចាកចេញពីកម្ពុជា នៅថ្ងៃទី៣១ ខែតុលានេះ បន្ទាប់ពីទទួលបានការទូទាត់ថ្លៃឥន្ធនៈ (Bunker) ដែលកំពុងរង់ចាំនៅពេលនេះ ព្រមទាំងការទទួលបានព័ត៌មានផ្លូវការ និងការរៀបចំឯកសារពាក់ព័ន្ធរួចរាល់ មុននឹងសម្រេចចិត្តចេញដំណើរទៅកាន់គោលដៅបន្ទាប់។ លោកក៏បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំផងដែរថា តាមរយៈកិច្ចអន្តរាគមន៍ និងការជួយជ្រោមជ្រែងពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ស្ថានភាពនឹងទទួលបានលទ្ធផលល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខ។

គួររំលឹកផងដែរថា ដំណើររបស់នាវាទេសចរណ៍ Villa Vie Odyssey ត្រូវបានពន្យារពេល និងផ្អាកជាបណ្តោះអាសន្ននៅកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការជាង ៧៥០ថ្ងៃ។ ការផ្អាកនេះកើតឡើងដោយសារក្រុមហ៊ុនប្រតិបត្តិករ Villa Vie Residences ប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុពីការស្ទុះឡើងយ៉ាងខ្លាំងនៃថ្លៃដើមប្រេងឥន្ធនៈក្នុងតំបន់អាស៊ី (ប្រមាណ ៦,០០០ ដល់ ៨,០០០ ដុល្លារក្នុងមួយកាប៊ីន)។ វិបត្តិនេះបានធ្វើឱ្យអ្នកដំណើរប្រមាណ ២០០នាក់ ត្រូវចុះពីលើនាវាជាបណ្តោះអាសន្ន ខណៈក្រុមហ៊ុនកំពុងរង់ចាំការទូទាត់ប្រាក់ឥន្ធនៈ និងប្រើប្រាស់រយៈពេល ៦០ថ្ងៃ ដើម្បីរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញ៕  

Khcct banner

អត្ថបទទាក់ទង