អេស្ប៉ាញ៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់បុកគ្នានៃរថភ្លើងល្បឿនលឿនពីរគ្រឿងនៅប្រទេសអេស្ប៉ាញបានកើនឡើងដល់ ៦៩ នាក់ នៅក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃពុធ នៅលើខ្សែរថភ្លើងរវាងទីក្រុង Madrid និងទីក្រុង Seville ត្រង់ចំណុចខេត្ត Toledo (Toledo Province) រថភ្លើងនេះមានអ្នកដំណើរប្រមាណ ៣៩៧នាក់ បុកជាមួយក្រុមហ៊ុនឯកជន Iryo ផ្ទុកអ្នកដំណើរ ១៤៧នាក់ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលរថភ្លើងប្រភេទ Renfe បានបុកពីក្រោយរថភ្លើងប្រភេទ Iryo ដែលបានឈប់ភ្លាមៗ បណ្តាលឱ្យទូរថភ្លើងចំនួន ៣ ផ្នែកខាងក្រោយធ្លាក់ចេញពីទំនប់ផ្លូវដែក ខូចខាតយ៉ាងដំណំ និងឆេះខ្ទេច។
ក្រុមជួយសង្គ្រោះបានដាក់ពង្រាយគ្រឿងចក្រស្ទូច និងឆ្កែហិតក្លិន ដើម្បីកាយ និងស្វែងរកជនរងគ្រោះចេញពីគំនរដែកបាក់បែក ព្រមទាំងប្រមូលសាកសពអ្នកស្លាប់ជាបន្តបន្ទាប់។ប្រទេសអេស្ប៉ាញបានប្រកាសកាន់ទុក្ខជាតិរយៈពេល ៣ ថ្ងៃ ខណៈដែលការធ្វើកូដកម្មរបស់ក្រុមអ្នកបើកបររថភ្លើងបានបន្ថែមផលវិបាកដល់ប្រព័ន្ធដឹកជញ្ជូនផ្លូវដែក។
បើតាមសាក្សី និងអ្នករស់រានមានជីវិត លោក Sebastian Herrero អាយុ ៤៦ ឆ្នាំ ដែលជាអ្នកដំណើរលើរថភ្លើង Iryo បានរៀបរាប់ថា នៅពេលរថភ្លើងឈប់ភ្លាមៗ គាត់គិតត្រឹមតែថាមានបញ្ហាដាច់ខ្សែភ្លើងប៉ុណ្ណោះ ប៉ុន្តែរំពេចនោះរថភ្លើងមួយទៀតបានបុកពីក្រោយយ៉ាងខ្លាំង បណ្តាលឱ្យរូបគាត់ត្រូវបោះទៅលើអាកាស ហើយផ្លោងមុខទៅប៉ះនឹងកៅអីខាងមុខ។ លោក និងអ្នកដំណើរឯទៀតបានខិតខំគេចខ្លួនចុះពីលើទំនប់ផ្លូវដែកឆ្លងចូលទៅក្នុងវាលស្រែនៅក្បែរនោះ ហើយនៅពេលងាកមើលក្រោយ គាត់បានឃើញទូរថភ្លើងខ្លះឆេះខ្ទេចដូចជាមានការផ្ទុះ មនុស្សជាច្រើនរងរបួសធ្ងន់ (ខ្លះបាក់ដៃ បាក់ច្រមុះ ទោះនៅទូរខាងមុខ) និងមានការទាញសាកសពអ្នកស្លាប់ចេញមកក្រៅយ៉ាងរន្ធត់។ លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្លូវដែក ហើយទាមទារឱ្យអ្នកទទួលខុសត្រូវចេញមុខបំភ្លឺ ព្រោះហេតុការណ៍បែបនេះមិនគួរកើតឡើងជាន់ដានឡើយ៕