ស៊ែប៊ី៖ ប៉ូលិសស៊ែប៊ីបានបាញ់សម្លាប់បុរសវ័យក្មេងម្នាក់នៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងបែលក្រាដ (Belgrade) កាលពីព្រឹកព្រលឹមថ្ងៃពុធ ក្នុងហេតុការណ៍មួយដែលអាជ្ញាធរហៅថាជាការវាយប្រហារភេរវកម្ម។ លោក Ivica Dacic រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសស៊ែបី បានអះអាងថា ជនវាយប្រហារបានស្ទុះទៅរកមន្ត្រីប៉ូលិសម្នាក់ដោយកាន់កាំបិតពីរដើម ព្រមទាំងស្រែកពាក្យថា «Allahu Akbar» (អាល់ឡាហូ អាកបារ)។ មន្ត្រីប៉ូលិសរូបនោះបានរងរបួសដោយកាំបិតបន្តិចបន្តួចនៅត្រង់ផ្ទៃមុខ ហើយក៏បានបាញ់តបតទៅលើជនវាយប្រហារនោះ។
បើតាមលោក Dacic ជនសង្ស័យមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ ប៉ុន្តែគាត់គឺជាអនីតិជន និងជាពលរដ្ឋស៊ែប៊ី ដែលត្រូវបានតាមដានដោយកងកម្លាំងសន្តិសុខ ដោយសារគេដឹងថាគាត់ជា «អ្នកគាំទ្រក្រុមរដ្ឋអ៊ីស្លាម (Islamic State)»។ លោក Dacic បន្តថាការស៊ើបអង្កេតកំពុងដំណើរការ ប៉ុន្តែកងកម្លាំងសន្តិសុខបានឱ្យដឹងថា ជនសង្ស័យរូបនេះធ្លាប់បានបង្ហោះរូបភាពទង់របស់ក្រុមរដ្ឋអ៊ីស្លាមនៅលើគណនី Instagram របស់គាត់។ លោក Dacic បានដំឡើងកម្រិតការគំរាមកំហែងភេរវកម្មនៅក្នុងប្រទេសទៅកម្រិត «អាសន្នក្រហម» (red alert) ដែលជាកម្រិតខ្ពស់បំផុត។ នេះមានន័យថា នឹងមានការត្រួតពិនិត្យសន្តិសុខកាន់តែតឹងរ៉ឹង និងការបង្កើនវត្តមានប៉ូលិសនៅតាមទីតាំងនានា ដូចជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងតំបន់ដែលមានមនុស្សម្នាប្រមូលផ្តុំគ្នាច្រើន។
ក្រសួងការបរទេសអ៊ីស្រាអែលបានបញ្ជាក់តាមរយៈបណ្តាញសង្គមថា គ្មានបុគ្គលិកស្ថានទូតណាម្នាក់រងរបួសនោះទេ ហើយស្ថានទូតក៏បានបិទទ្វារនៅពេលកើតហេតុផងដែរ។
គួររម្លឹកថានេះគឺជាការវាយប្រហារលើកទីពីរហើយទៅលើស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុងបែលក្រាដ ក្នុងរយៈពេលតិចជាង ៣ ឆ្នាំ។ កាលពីខែមិថុនា ឆ្នាំ ២០២៤ បុរសម្នាក់បានប្រើធ្នូ (crossbow) បាញ់មន្ត្រីប៉ូលិសម្នាក់ចំក។ មន្ត្រីប៉ូលិសដែលរងការបាញ់ប្រហារនោះបានរួចជីវិត ហើយបានបាញ់សម្លាប់ជនវាយប្រហារ ដែលត្រូវបានគេស្គាល់ថាជាបុរសជនជាតិស៊ែប៊ីម្នាក់ដែលបានប្តូរទៅកាន់សាសនាអ៊ីស្លាម។ ការវាយប្រហារកាលពីថ្ងៃពុធនេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតនៅក្នុងប្រទេសអ៊ីស្រាអែល៕