Khmer suport khmer cc time

ចេញពីជីវិតនយោបាយ អតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ មកធ្វើសាស្ត្រាចារ្យ «បង្រៀនមុខវិជ្ជា ភាពជាអ្នកដឹកនាំ» នៅសាកលវិទ្យាល័យ Sydney

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ស៊ីដនី៖ អតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern វ័យ ៤៦ឆ្នាំ ត្រូវបានតែងតាំងឱ្យកាន់តំណែងថ្មីជាសាស្ត្រាចារ្យផ្តោតលើបទពិសោធន៍ជាក់ស្តែង (Professor of Practice) នៅសាកលវិទ្យាល័យ Sydney ប្រទេសអូស្ត្រាលី ដើម្បីធ្វើការចែករំលែកបទពិសោធន៍ បង្រៀនថ្នាក់ជាន់ខ្ពស់ និងតម្រង់ទិសនិស្សិតអំពី «ការដឹកនាំប្រកបដោយការយល់ចិត្ត» (Empathetic Leadership)។ បន្ទាប់ពីបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី កាលពីខែមករា ឆ្នាំ២០២៣ លោកស្រីបានចូលរួមជាមួយសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាម៉េរិក មុនពេលផ្លាស់មកតាំងទីលំនៅនៅតំបន់ឆ្នេរខាងជើង ទីក្រុងស៊ីដនី នាដើមឆ្នាំនេះ។

ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Ardern បានសម្តែងក្តីសោមនស្សរីករាយក្នុងការចូលរួមជាមួយសាកលវិទ្យាល័យដ៏ល្បីល្បាញនេះ ដោយបញ្ជាក់ថា ចាប់តាំងពីចាកចេញពីតំណែងមក លោកស្រីបានផ្តោតលើការស្វែងរកគំរូដឹកនាំដែលផ្អែកលើគុណតម្លៃ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមជាសកល, ពង្រឹងសាមគ្គីភាពសង្គម, និងកសាងទំនុកចិត្តពលរដ្ឋ។

សាកលវិទ្យាល័យ Sydney បានគូសបញ្ជាក់ថា ការចូលរួមកាន់តំណែងថ្មីរបស់លោកស្រីនៅក្នុងខែតុលានេះ គឺជាឱកាសដ៏សំខាន់សម្រាប់និស្សិត ក្នុងការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រដឹកនាំសកលជំនាន់ថ្មី ពីអតីតប្រមុខរដ្ឋផ្ទាល់។

គួរបញ្ជាក់ថា លោកស្រី Ardern ធ្លាប់ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្នុងនាមជាអ្នកដឹកនាំនយោបាយចម្រើនជឿនលឿន ដែលបានដឹកនាំប្រទេសនូវែលសេឡង់ឆ្លងកាត់វិបត្តិធំៗជាច្រើន រួមមាន គ្រោះធម្មជាតិ, អំពើភេរវកម្មបាញ់ប្រហារនៅវិហារ Christchurch ក្នុងឆ្នាំ២០១៩, និងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩។ ទោះជាយ៉ាងណា វិធានការបិទខ្ទប់ប្រទេសដ៏តឹងរ៉ឹង(Lock down) និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះនៅចុងអាណត្តិទីពីរ បានធ្វើឱ្យការគាំទ្ររបស់ប្រជាជននូវែលសេឡង់លើរូបលោកស្រីមានការថយចុះ រហូតឈានដល់ការសម្រេចចិត្តដើរចេញពីឆាកនយោបាយ៕

Khcct banner

អត្ថបទទាក់ទង