ចិន៖ គណបក្សកុម្មុយនិស្តចិន បានប្រជុំអនុម័តបណ្តេញមន្ត្រីជាន់ខ្ពស់ចំនួន៣៣នាក់ ចេញពីបក្ស ក្នុងនោះមានសមាជិកគណៈកម្មាធិការមជ្ឈិម២៤នាក់ និងសមាជិកបម្រុង ៩នាក់។ការសម្រេចអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។វិធានការក្តៅរបស់បក្សកុម្មុយនីស្តចិន ត្រូវបានគេមើលឃើញថា ជាមហិច្ឆតារបស់ចិន បន្តបោសសំអាតអំពើពុករលួយក្នុងជួរបក្ស រដ្ឋាភិបាល និងកងទ័ព។
ក្នុងចំណោមមន្ត្រីដែលត្រូវបានបណ្តេញចេញ រួមមានលោក Ma Xingrui សមាជិកការិយាល័យនយោបាយ និងជាអតីតលេខាធិការបក្សប្រចាំតំបន់ស៊ីនជាំង, លោក Zhang Youxia អតីតអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម និងលោក Liu Zhenli អតីតប្រធានអគ្គសេនាធិការដ្ឋានចម្រុះនៃគណៈកម្មាធិការយោធាមជ្ឈិមចិន។កិច្ចប្រជុំក៏បានសម្រេចដំឡើងសមាជិកបម្រុងចំនួន១០នាក់ ឱ្យក្លាយជាសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការមជ្ឈិមបក្ស។
ចំពោះចំនួនសមាជិកបានចូលរួមកិច្ចប្រជុំលើកនេះ មានត្រឹម ២៧៩នាក់ ក្នុងចំណោមសមាជិកសរុប ៣៧៦នាក់ ដែលត្រូវបានជ្រើសរើសកាលពីឆ្នាំ២០២២ ស្មើនឹង ៧៤,២%។ជាអត្រាចូលរួមនេះបានធ្លាក់ចុះពី ៩៦,៨% ក្នុងឆ្នាំ២០២៤ មកនៅ ៨៣,៨% ក្នុងឆ្នាំ២០២៥ និងបន្តធ្លាក់ចុះមកនៅ ៧៤,២% ក្នុងឆ្នាំ២០២៦ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីការបញ្ចប់សម័យដឹកនាំរបស់លោក ម៉ៅ សេទុង។
ការធ្លាក់ចុះនេះ កើតឡើងស្របពេលចិនកំពុងបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងខ្លាំងក្លា ក្នុងជួរមន្ត្រីបក្ស រដ្ឋាភិបាល និងកងទ័ព។អ្នកវិភាគនយោបាយ មើលឃើញថា ការផ្លាស់ប្តូរមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់ អាចធ្វើឱ្យការសម្រេចចិត្តក្នុងស្ថាប័នរដ្ឋ និងយោធា កាន់តែពឹងផ្អែកលើការណែនាំពីថ្នាក់ដឹកនាំកណ្តាល។
ក្នុងកិច្ចប្រជុំបក្សប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបន្តប្តេជ្ញាចាត់វិធានការតឹងរ៉ឹងលើ អំពើពុករលួយ ការរំលោភអំណាច និង ការបំពានវិន័យ ក្នុងបក្ស រដ្ឋាភិបាល និងកងទ័ព ព្រមទាំងពង្រឹងការគ្រប់គ្រង និង ការដឹកនាំរបស់បក្ស។បន្ថែមពីនេះ លោកបានដំឡើងតំណែងដល់លោក Zhang Shengmin (ចាង សឹងមីន) ដែលគេស្គាល់យ៉ាងច្បាស់ថា ជា «មេធំ» ផ្នែកកំចាត់អំពើពុករលួយ នៅក្នុងជួរកងទ័ពចិន ឱ្យកាន់តំណែងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស ជាលើកដំបូងក្នុងរយៈពេល ៣២ឆ្នាំ ដែលបក្សកុម្មុយនិស្តចិន បានបន្ថែមសមាជិកការិយាល័យនយោបាយ នៅពាក់កណ្តាលអាណត្តិ៕