ចិន៖ មន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលចិនប្រមាណ ៨ លាននាក់ត្រូវបានដាក់ទណ្ឌកម្ម និងភាគច្រើនត្រូវបានស៊ើបអង្កេតក្នុងបទល្មើសពុករលួយ និងល្មើសវិន័យបក្សយ៉ាងធ្ងន់ធ្ងរ។ យោងតាមលោក Zhang Fuhai អគ្គលេខាធិការរងនៃគណៈកម្មាធិការមជ្ឈិមត្រួតពិនិត្យវិន័យបក្សកុម្មុយនិស្តចិន និងជាអនុប្រធានគណៈកម្មាធិការជាតិត្រួតពិនិត្យចិន បានបង្ហាញតួលេខនេះ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះបន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ លោកបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២ មក ស្ថាប័នត្រួតពិនិត្យវិន័យ និងប្រឆាំងអំពើពុករលួយរបស់ចិន បានបើកសំណុំរឿងស៊ើបអង្កេតសរុបជាង ៨,១០លានករណី និងដាក់ទណ្ឌកម្មផ្នែកវិន័យលើមនុស្សជាង ៧,៩២លាននាក់ដោយក្នុងនោះសុទ្ធតែមន្រ្តីជាន់ខ្ពស់។
លោកបានបញ្ជាក់ថា ចាប់តាំងពីមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី ១៨ ក្នុងឆ្នាំ ២០១២ មក បក្សបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាមិនធ្លាប់មានពីមុនមក ដើម្បីកែលម្អឥរិយាបថ ដោយមានការអនុវត្តបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង និងមានសកម្មភាពជាបន្តបន្ទាប់ក្នុងការប្រឆាំងនឹងការប្រព្រឹត្តខុស។ លោក Zhang បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះបានទប់ស្កាត់ទម្លាប់មិនល្អដែលបានកើតមានជាច្រើនឆ្នាំ និងដោះស្រាយបញ្ហាដែលចាក់ឫសយ៉ាងជ្រៅ ដោយនាំមកនូវការផ្លាស់ប្តូរជាក់ស្តែង ដែលជួយពង្រឹងការគាំទ្រពីសាធារណជនចំពោះការដឹកនាំរយៈពេលវែងរបស់បក្ស ហើយការកែលម្អឥរិយាបថរបស់បក្សគឺជាភារកិច្ចដែលត្រូវធ្វើជាប្រចាំ និងមិនអាចបញ្ឈប់បានឡើយ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ចំនួនមន្ត្រីជាន់ខ្ពស់ដែលត្រូវបានបើកការស៊ើបអង្កេត បានកើនឡើងពី ៨៧នាក់ក្នុងឆ្នាំ២០២៣ ដល់ ៩២នាក់ក្នុងឆ្នាំ២០២៤ និង ១៨១នាក់ក្នុងឆ្នាំ២០២៥។ បក្សកុម្មុយនិស្តចិនបានបញ្ជាក់ថា ខ្លួននឹងបន្តចាត់វិធានការយ៉ាងតឹងរ៉ឹងប្រឆាំងអំពើពុករលួយ ពង្រឹងការត្រួតពិនិត្យការប្រើប្រាស់អំណាច និងទប់ស្កាត់ការប្រព្រឹត្តខុសវិន័យក្នុងជួរមន្ត្រី។ ក្រៅពីនេះ អាជ្ញាធរចិនក៏បានរកឃើញករណីរំលោភលើបទប្បញ្ញត្តិពាក់ព័ន្ធនឹងរបៀបរបបការងារ និងអាកប្បកិរិយារបស់មន្ត្រីជាង ១,៦៤លានករណី ដោយមានមនុស្សជាង ២,២៥លាននាក់ ត្រូវបានអប់រំ ព្រមាន និងចាត់វិធានការ៕