សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងកំពុងចាត់វិធានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើសិស្សដែលត្រូវបានចាប់បានថាបានប្រើប្រាស់វ៉ែនតាឆ្លាតវៃបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងនៅក្នុងការប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិ។ ទណ្ឌកម្មទាំងនេះរួមមាន ការប្រឈមមុខនឹងការចោទប្រកាន់តាមផ្លូវច្បាប់ព្រហ្មទណ្ឌ និងការហាមឃាត់មិនឱ្យចូលរួមប្រឡងឡើងវិញរយៈពេល ៣ ឆ្នាំ។ អាជ្ញាធរកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាការលួចចម្លងដោយប្រើឧបករណ៍ទាំងនេះ បន្ទាប់ពីមានហេតុការណ៍ជាបន្តបន្ទាប់បានកើតឡើងនៅឆ្នាំនេះ។
យោងតាមការចេញផ្សាយរបស់ CNA ក្រសួងអប់រំបានប្រកាសអំពីវិធានការទាំងនេះកាលពីថ្ងៃព្រហស្បតិ៍ ទី ២៩ ខែតុលា មុនពេលការប្រឡងចូលមហាវិទ្យាល័យ (College Scholastic Ability Test ឬ CSAT) ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា។ យោងតាមការផ្លាស់ប្តូរដែលបានស្នើឡើង សិស្សដែលត្រូវបានចាប់បានថាបានលួចចម្លងដោយប្រើវ៉ែនតាដែលមានបច្ចេកវិទ្យា AI អាចនឹងត្រូវហាមឃាត់មិនឱ្យចូលរួមប្រឡង CSAT រយៈពេល ៣ ឆ្នាំ ដែលជាការកើនឡើងពីរយៈពេលហាមឃាត់ ១ ឆ្នាំដែលមាននាពេលបច្ចុប្បន្ន។
ក្រសួងអប់រំបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គោលនយោបាយឆ្លើយតបដ៏តឹងរ៉ឹងនេះ រួមទាំងការដាក់ទោសព្រហ្មទណ្ឌចំពោះការលួចចម្លងដោយប្រើវ៉ែនតាឆ្លាតវៃ និងការបង្កើនរយៈពេលហាមឃាត់មិនឱ្យប្រឡង នឹងត្រូវអនុវត្តដូចៗគ្នា មិនត្រឹមតែចំពោះការប្រឡង CSAT ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះការប្រឡងចូលមហាវិទ្យាល័យនីមួយៗផងដែរ ចាប់ពីឆ្នាំនេះតទៅ»។ ក្រសួងបានបន្ថែមថា អ្នកប្រព្រឹត្តល្មើសអាចនឹងត្រូវបញ្ជូនទៅកាន់ប៉ូលិសដើម្បីចាត់វិធានការតាមផ្លូវច្បាប់ព្រហ្មទណ្ឌ ក្រោមបទចោទប្រកាន់នានា រួមទាំងការរារាំងដល់ការបំពេញភារកិច្ចផ្លូវការតាមរយៈមធ្យោបាយក្លែងបន្លំ និងការរំខានដល់ដំណើរការការងារ។
គួរកត់សម្គាល់ថាវ៉ែនតាឆ្លាតវៃបំពាក់បច្ចេកវិទ្យា AI បានក្លាយជាបញ្ហាប្រឈមមួយសម្រាប់អាជ្ញាធរកូរ៉េខាងត្បូង បន្ទាប់ពីមានករណីលួចចម្លងជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងឧបករណ៍ទាំងនេះនៅឆ្នាំនេះ ក្នុងនោះមានករណីចំនួន ៥ ត្រូវបានរាយការណ៍នៅចន្លោះខែឧសភា និងខែមិថុនា។ នៅក្នុងករណីមួយ បេក្ខជនម្នាក់ត្រូវបានគេឃើញចុចប៊ូតុងនៅលើវ៉ែនតា ដែលបណ្តាលឱ្យមានពន្លឺពណ៌ខៀវលេចឡើងនៅលើកញ្ចក់វ៉ែនតានោះ។ បេក្ខជនទាំង ៥ នាក់ត្រូវបានដាក់ទណ្ឌកម្មចំពោះការលួចចម្លង ដោយក្នុងនោះមាន ៣ នាក់ត្រូវបានបញ្ជូនទៅកាន់រដ្ឋអាជ្ញា។ នៅខែតុលា ក៏មានសេចក្តីរាយការណ៍អំពីការប៉ុនប៉ងលួចចម្លងដោយប្រើវ៉ែនតាឆ្លាតវៃចំនួន ២ ករណីផ្សេងទៀត នៅសាកលវិទ្យាល័យសេអ៊ូល (University of Seoul) និងសាកលវិទ្យាល័យដទៃទៀត៕