ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានបញ្ជាឱ្យកងទ័ពបង្កើនការអភិវឌ្ឍដ្រូនវាយប្រហារ និងបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងប្រព័ន្ធអាវុធ ដើម្បីធ្វើឱ្យកូរ៉េខាងជើងមានប្រៀបខ្លាំងក្នុងសង្គ្រាមប្រើដ្រូន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៦ បានរាយការណ៍ទៀតថា លោក គីម ជុងអ៊ុន បានចុះពិនិត្យការតាំងបង្ហាញបច្ចេកវិទ្យាដ្រូន និងទស្សនាការធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
ក្នុងការធ្វើសមយុទ្ធនេះ កងទ័ពកូរ៉េខាងជើងបានបង្ហាញដ្រូនវាយប្រហារបំផ្ទុះខ្លួនឯង មីស៊ីលគ្រូស និងប្រព័ន្ធបាញ់រ៉ុក្កែតធុនធំទំហំ ៦០០មីលីម៉ែត្រ។ រូបភាពដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បង្ហាញដ្រូនមួយគ្រឿងហោះបុករថយន្តយោធានៅលើដី បណ្តាលឱ្យផ្ទុះ និងឆាបឆេះយ៉ាងខ្លាំង។
លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ AI កម្រិតខ្ពស់ក្នុងប្រព័ន្ធអាវុធគ្មានមនុស្សបើក គឺជាភារកិច្ចសំខាន់សម្រាប់ការធ្វើទំនើបកម្មកងទ័ពកូរ៉េខាងជើង។
ទន្ទឹមនេះ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់វត្ថុហោះប្រមាណ ១០គ្រាប់ រួមទាំងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី ឆ្ពោះទៅសមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា។ ក្រុមអ្នកវិភាគកូរ៉េខាងត្បូងយល់ថា ការបង្ហាញអាវុធថ្មីៗនេះ គឺជាសារបង្ហាញពីការបន្តពង្រឹងកម្លាំងយោធារបស់កូរ៉េខាងជើង ខណៈប្រទេសនេះកំពុងបង្កើនការអភិវឌ្ឍដ្រូន និងអាវុធទំនើប ដោយយកបទពិសោធពីសង្គ្រាមនៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា៕