បាងកក៖ កងកម្លាំងយោធាដែនអាកាសថៃ បានដំឡើងកម្រិតប្រកាសអាសន្ន ត្រៀមកម្លាំងយន្តហោះប្រយុទ្ធធ្វើប្រតិបត្តិការល្បាតលើអាកាស (Combat Air Patrol - CAP)។ យន្តហោះប្រយុទ្ធត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពត្រៀមប្រយុទ្ធលើដី (Ground Alert / Standby CAP) ដើម្បីត្រៀមហោះឡើងស្ទាក់ចាប់ (Scramble Interception) ភ្លាមៗ ប្រសិនបើមានការហោះរំលោភចូលដែនអាកាសអធិបតេយ្យរបស់ថៃ។
វិធានការនេះធ្វើឡើង បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក រវាងយោធាមីយ៉ាន់ម៉ា និងក្រុមកងទ័ពភាគតិច បានបណ្តាលឱ្យគ្រាប់ផ្លោងធ្លាក់ឆ្លងដែនមកផ្ទុះក្នុងទឹកដីថៃ បង្កឱ្យស្រ្តីជនជាតិថៃម្នាក់រងរបួស និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ធរ នៅក្នុងស្រុក Mae Sot ខេត្តតាក។
កងទ័ពជើងគោកថៃ បានចាត់វិធានការតបតភ្លាមៗនៅនឹងកន្លែងកើតហេតុ តាមរយៈការបាញ់ ព្រមាន ស្របតាមវិធាននៃការប្រយុទ្ធ (Rules of Engagement - ROE) ដើម្បីទប់ស្កាត់ការវាយប្រហារ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋថៃដែលរស់នៅតាមបន្ទាត់ព្រំដែន។
កងទ័ពអាកាសថៃ បានដាក់យន្តហោះចម្បាំងឱ្យស្ថិតក្នុងស្ថានភាពត្រៀមខ្លួនជាស្រេច (Standby Alert) ដើម្បីអន្តរាគមន៍ការពារដែនអាកាសភ្លាមៗ ប្រសិនបើស្ថានការណ៍នៅតាមព្រំដែនបន្តវិវត្តកាន់តែធ្ងន់ធ្ធរ ឬមានការហោះរំលោភអធិបតេយ្យភាពថៃ។ទោះបីជាប្រភពព័ត៌មានមិនទាន់បានបញ្ជាក់ពីប្រភេទយន្តហោះជាក់លាក់ក៏ដោយ ជាធម្មតាកងទ័ពអាកាសភូមិន្ទថៃតែងប្រើប្រាស់យន្តហោះប្រយុទ្ធ F-16 (មកពីមូលដ្ឋានទ័ពអាកាស Takhli) ជាកម្លាំងឆ្លើយតបលឿនជួរមុខ សម្រាប់ការការពារដែនអាកាសនៅតំបន់ព្រំដែនខេត្តតាក៕