តូក្យូ៖ ប្រទេសជប៉ុន ជំរុញស្ថាប័នឃ្លាំមើលឧក្រិដ្ឋកម្មហិរញ្ញវត្ថុពិភពលោក (FATF) ឱ្យដកប្រទេសមីយ៉ាន់ម៉ាចេញពី «បញ្ជីខ្មៅ» នៃក្រុមប្រទេសដែលមានហានិភ័យខ្ពស់ ដើម្បីសម្រួលដល់ប្រតិបត្តិការធុរកិច្ច និងការវិនិយោគឡើងវិញនៅក្នុងប្រទេសនេះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន The Japan Times ទោះបីជាជប៉ុន និងប្រទេសមួយចំនួននៅអាស៊ី ខិតខំសម្របសម្រួលដើម្បីស្តារសេដ្ឋកិច្ចមីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែការស្នើនេះបានជួបប្រទះការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងការកើនឡើងនៃមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរគ្រឿងញៀន និងសេចក្តីរាយការណ៍អំពីការនាំចូលប្រេងឥន្ធនៈយន្តហោះចម្បាំងដោយខុសច្បាប់។
ប្រទេសមីយ៉ាន់ម៉ា ត្រូវបានដាក់ឱ្យស្ថិតក្នុងបញ្ជីខ្មៅ ស្មើនឹងប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ចាប់តាំងពីខែតុលា ឆ្នាំ២០២២ ក្រោយរដ្ឋប្រហារយោធា ដែលតម្រូវឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អនុវត្តការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើរាល់ប្រតិបត្តិការសាច់ប្រាក់ ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ និងការឧបត្ថម្ភធនដល់អំពើភេរវកម្ម។ ស្ថាប័ន FATF ជាស្ថាប័នឃ្លាំមើលឧក្រិដ្ឋកម្មហិរញ្ញវត្ថុពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ដោយក្រុមប្រទេស G7។ ស្ថាប័ននេះមានភារកិច្ចកំណត់បទដ្ឋានសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការឧបត្ថម្ភធនដល់អំពើភេរវកម្ម ព្រមទាំងចាត់ថ្នាក់រដ្ឋតាមបញ្ជីហានិភ័យ ដូចជា «បញ្ជីខ្មៅ» សម្រាប់ប្រទេសខ្វះខាតធ្ងន់ធ្ងរ និង «បញ្ជីប្រផេះ» សម្រាប់ប្រទេសដែលប្តេជ្ញាចិត្តធ្វើការកែលម្អ។
យ៉ាងណាមិញក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសុក្រ ទី៣០ ខែតុលា កន្លងទៅ ស្ថាប័ននេះ បានសម្រេចរក្សាមីយ៉ាន់ម៉ា ឱ្យស្ថិតក្នុង «បញ្ជីខ្មៅ» ដដែល៕