Khmer suport khmer cc time

ហ្វីលីពីន ដាក់ចេញកម្មវិធីស្តារអេកូឡូស៊ីថ្នាក់ជាតិ ដើម្បីត្រៀមទប់ទល់ បាតុភូតកម្ដៅ «Super El Niño»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ានីល៖ អាជ្ញាធរហ្វីលីពីន តាមរយៈក្រសួងបរិស្ថាន និងធនធានធម្មជាតិ (DENR) បានប្រកាសដាក់ចេញនូវ «កម្មវិធីស្តារប្រព័ន្ធអេកូឡូស៊ីថ្នាក់ជាតិ» ដោយផ្តោតលើការស្តារតំបន់ដីសើម ទន្លេ និងប្រព័ន្ធប៉ប្រះទឹកនៅទូទាំងប្រទេស។ ការដាក់ចេញកម្មវិធីនេះ គឺដើម្បីឆ្លើយតប និងការពារសហគមន៍មូលដ្ឋាន ពីផលប៉ះពាល់នៃការឡើងកម្ដៅខ្លាំង និងគ្រោះរាំងស្ងួត ដែលបណ្ដាលមកពីការផ្ទុះឡើងនៃបាតុភូត «Super El Niño»។នេះបើយោងតាមការចេញផ្សាយរបស់កាសែត Philippine Daily Enquirer។

រដ្ឋលេខាធិការក្រសួងបរិស្ថានហ្វីលីពីន លោក Juan Miguel “Mitch” Cuna បានគូសបញ្ជាក់ថា ការការពារ និងស្ដារប្រព័ន្ធអេកូឡូស៊ីទាំងនេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើន «របាំងការពារធម្មជាតិ» ដើម្បីការពារសហគមន៍ ព្រមទាំងធានានិរន្តរភាពបរិស្ថាន ក្នុងអំឡុងពេលប្រឈមនឹងវិបត្តិកម្ដៅខ្លាំង។

តាមរយៈកម្មវិធីនេះ អាជ្ញាធរហ្វីលីពីនបានអនុវត្តការងារសំខាន់ៗជាច្រើននៅតាមតំបន់គោលដៅ។ នៅតំបន់ Caraga អាជ្ញាធរគ្រប់គ្រងដែនជម្រកសត្វព្រៃ Agusan Marsh បានអនុវត្តវិធានការបន្សាំផ្អែកលើអេកូឡូស៊ី ដើម្បីការពារដីល្បាប់ភក់ និងដីសើម ដែលដើរតួជា «ស្ពុញធម្មជាតិ»(Natural Sponge) ក្នុងការរក្សាប្រភពទឹក កាត់បន្ថយកម្ដៅ និងស្តុកកាបូន។ គួរបញ្ជាក់ថា «ស្ពុញធម្មជាតិ» គឺជាពាក្យប្រៀបធៀបដែលគេប្រើប្រាស់ក្នុងវិស័យបរិស្ថាន និងអេកូឡូស៊ី ដើម្បីសំដៅលើតំបន់ដីសើម (Wetlands) ឬដីល្បាប់ភក់ (Peatlands) ដែលមានសមត្ថភាពស្រូបទប់ និងបញ្ចេញទឹកតាមធម្មជាតិ។

ជាមួយគ្នានេះ នៅ Metro Manila និង Central Luzon ក្រសួងបរិស្ថានហ្វីលីពីន បានសហការជាមួយកម្មវិធី DOLE-TUPAD ដោយបានដាក់ពង្រាយ «ឆ្មាំទន្លេ» ប្រមូលសំរាមរឹងជិត ១០០តោន (ស្មើនឹង ១៥,២៦៧ បាវ) ចេញពីប្រឡាយ និងទន្លេក្នុងខេត្ត Pampanga ព្រមទាំងបន្តតាមដានប្រភពទឹក និងកម្ដៅទឹកសមុទ្រតាមបណ្តាខេត្តនានា ដើម្បីការពារជលផល។

ដោយឡែកនៅតំបន់ Bicol (ខេត្ត Masbate) ក្រុមការងារបានចុះត្រួតពិនិត្យបាតុភូតប៉ប្រះទឹកពណ៌ស (Coral Bleaching) និងការងាប់របស់ត្រីរៀងរាល់ពីរសប្តាហ៍ម្តង ព្រមទាំងបានសម្អាតផ្លូវទឹក និងហាមឃាត់ការបោះយុថ្កាក្នុងតំបន់ប៉ប្រះទឹកដែលរងផលប៉ះពាល់ ដើម្បីទុកពេលឱ្យប្រព័ន្ធអេកូឡូស៊ីងើបឡើងវិញ និងបន្តផ្សព្វផ្សាយអប់រំដល់សហគមន៍នេសាទ ពីផលប៉ះពាល់នៃកម្ដៅខ្លាំង៕

Khcct banner

អត្ថបទទាក់ទង