រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាមដែលអាចកើតមានជាមួយអឺរ៉ុប ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនចង់ឱ្យសង្គ្រាមបែបនេះកើតឡើងនោះទេ ហើយនឹងគាំទ្ររាល់វិធានការទាំងឡាយណាដែលមានគោលបំណងស្តារទំនាក់ទំនងឡើងវិញ។ ការថ្លែងបែបនេះបានធ្វើឡើងបន្ទាប់ពីលោកបានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារជាមួយមេដឹកនាំនៃប្រទេសន័រវែស និងហ្វាំងឡង់។ លោក ពូទីន បានផ្ញើសារគំរាមកំហែងថា ប្រសិនបើស្ថានការណ៍កើនឡើងខ្លាំងពេក ហើយភាគីណាមួយចង់ឱ្យសង្គ្រាមកើតឡើង នោះ នឹងមិនមានអ្នកឈ្នះឡើយ ព្រោះមកទល់ពេលនេះ គ្មានភាគីណាអាចធ្វើឱ្យរុស្ស៊ីបរាជ័យជាយុទ្ធសាស្ត្របាននោះទេ។
បើតាមលោក ពូទីន បានលើកឡើងថា ទំនាក់ទំនងរបស់មេដឹកនាំទាំងពីរជាមួយរុស្ស៊ីគឺជាការត្រឹមត្រូវ ទោះជាមានការរិះគន់ពីមេដឹកនាំអឺរ៉ុបមួយចំនួន (រួមមាននាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson) ដែលចោទថាជាការដើរចេញពីជំហររួមនិងងាកទៅស្និតជាមួយរុស្ស៊ីជារឿងមិនគួរធ្វើក៏ដោយ។ លោក ពូទីន បានព្រមានថា រុស្ស៊ីមិនចង់ឱ្យសមុទ្របាល់ទិកធ្លាក់ចូលក្នុងវិបត្តិរាំងស្ទះនាវាចរណ៍ដូចជានៅច្រកសមុទ្រហ័រមូសឡើយ ប៉ុន្តែរុស្ស៊ីនឹងឆ្លើយតបចំពោះរាល់បញ្ហាប្រឈមទាំងអស់។
ទន្ទឹមនឹងនេះ លោកស្រី Rachel Reeves អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស បានជំរុញឱ្យសហភាពអឺរ៉ុបចូលកាន់កាប់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីចំនួន ១៧៥ ពាន់លានផោន ដើម្បីជួយអ៊ុយក្រែនការពារខ្លួនក្នុង «រដូវរងាដ៏លំបាកបំផុត» ខណៈទីក្រុងកៀវកំពុងខ្វះខាតថវិកា ហើយលោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធឱ្យមានការចរចា។ ជាមួយគ្នានេះ លោក Wes Streeting រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ក៏បានព្រមានថាមុខសញ្ញាប្រជែងអាចនឹងត្រៀមខ្លួនវាយប្រហារអង់គ្លេសនៅឆ្នាំ ២០៣០ ដោយជំរុញឱ្យប្រទេសខ្លួនត្រៀមខ្លួនសម្រាប់សង្គ្រាមក្នុងរយៈពេល ១.០០០ ថ្ងៃខាងមុខ ហើយរដ្ឋាភិបាលថែមទាំងបានណែនាំឱ្យប្រជាជនស្តុកទុកអាហារកំប៉ុង និងទឹកបរិសុទ្ធជាដើម៕