អ៊ឺរ៉ុប៖ បណ្តាប្រទេសនៅទ្វីបអាម៉េរិក និងភាគច្រើននៃទ្វីបអឺរ៉ុប បានចេញសេចក្តីណែនាំឱ្យប្រជាពលរដ្ឋរៀបចំទុកដាក់អាហារ ទឹក និងធនធានចាំបាច់ផ្សេងៗនៅតាមលំនៅឋានជាមុន ដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភនៃគ្រោះអាសន្នដែលអាចកើតមានឡើង។ អាជ្ញាធរតំបន់ Normandy នៃប្រទេសបារាំង ក៏បានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ ជំរុញឱ្យប្រជាជនចាប់ផ្តើមរៀបចំខ្លួនពីឥឡូវនេះ ដោយមិនត្រូវរង់ចាំរហូតដល់មានហេតុការណ៍កើតឡើងនោះឡើយ។ ការអំពាវនាវនេះ ធ្វើឡើងដើម្បីទប់ទល់នឹងហានិភ័យនៃការរំខានដល់ប្រព័ន្ធដំណើរការសង្គម ដូចជាជម្លោះប្រដាប់អាវុធ បាតុភូតអាកាសធាតុធ្ងន់ធ្ងរ និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyber-attacks) ដែលអាចបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបរាជ័យ កាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់ បណ្តាញដឹកជញ្ជូន ទឹកស្អាត អគ្គិសនី ប្រព័ន្ធទូរគមនាគមន៍ និងពាណិជ្ជកម្មអេឡិចត្រូនិក។
យោងតាមការចេញផ្សាយរបស់ BBC ចំពោះរយៈពេលនៃការត្រៀមទុកស្បៀង និងសម្ភារៈ គឺមានកម្រិតខុសៗគ្នាទៅតាមប្រទេសនីមួយៗ ដោយប្រទេសកាណាដា បារាំង និងសហរដ្ឋអាម៉េរិក ណែនាំឱ្យត្រៀមទុកសម្រាប់រយៈពេលយ៉ាងតិច ៧២ ម៉ោង (៣ ថ្ងៃ) ខណៈប្រទេសស៊ុយអែត កំណត់រយៈពេលយ៉ាងតិច ១ សប្តាហ៍ ហើយប្រទេសអាល្លឺម៉ង់ ណែនាំឱ្យត្រៀមអាហារ និងទឹកសម្រាប់ ១០ ថ្ងៃ (ដោយ ៣ ថ្ងៃជាកម្រិតអប្បបរមា)។ សម្ភារៈចាំបាច់ដែលត្រូវត្រៀមរួមមាន ទឹកបរិភោគ អាហារកាឡូរីខ្ពស់ដែលរក្សាទុកបានយូរ (ដូចជា ប៊ឺសណ្តែកដី ត្រីធូណាកំប៉ុង) ឱសថចាំបាច់ ឧបករណ៍បំភ្លឺចល័ត វិទ្យុប្រើថ្ម និងប្រដាប់បើកកំប៉ុងប្រើដៃ ព្រមទាំងតម្រូវការពិសេសបន្ថែមសម្រាប់ទារក មនុស្សចាស់ ឬជនពិការ។
អាជ្ញាធរបានបញ្ជាក់ថា នេះគ្រាន់តែជាវិធានការការពារ និងត្រៀមបង្ការទុកជាមុនតាមស្តង់ដារប៉ុណ្ណោះ មិនមែនជាការប្រកាសពីគ្រោះមហន្តរាយជិតមកដល់នោះឡើយ៕