Khmer suport khmer cc time

តុលាការថៃ បន្ថែមទោសសកម្មជនម្នាក់ជាប់ពន្ធនាគារដល់ជាង ៣៤ឆ្នាំ ក្នុងសំណុំរឿងតវ៉ាឱ្យបន្ថយអំណាចស្ដេច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ លោក អាណន ណាំផា (Arnon Nampa) មេធាវីសិទ្ធិមនុស្ស និងជាសកម្មជនឈានមុខ ត្រូវបានតុលាការក្រុងបាងកក ផ្តន្ទាទោសបន្ថែម ២ ឆ្នាំ ៨ ខែទៀត ដោយការសម្រេចនេះ ធ្វើឱ្យលោកត្រូវជាប់ពន្ធនាគារ សរុបដល់ជាង ៣៤ ឆ្នាំ ពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួន ១៤ ករណី បន្ទាប់ពីលោកបានឡើងថ្លែងសារជាសាធារណៈកាលពីឆ្នាំ ២០២០ ក្នុងឈុតតួអង្គ Harry Potter ដើម្បីទាមទារឱ្យមានការត្រួតពិនិត្យអំណាច និងទ្រព្យសម្បត្តិរបស់ស្ថាប័នព្រះមហាក្សត្រ។

យោងតាមការចេញផ្សាយរបស់កាសែត BBC កំហឹងរបស់ក្រុមយុវជនថៃបានផ្ទុះឡើង បន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានសម្រេចរំលាយគណបក្សប្រឆាំង Future Forward កាលពីដើមឆ្នាំ ២០២០ ដែលបានជំរុញឱ្យមានបាតុកម្មជាប្រវត្តិសាស្ត្រទាមទារឱ្យមានការកែទម្រង់ស្ថាប័នរាជវង្សថៃ។តុលាការធម្មនុញ្ញថៃបានបដិសេធដាច់ខាតចំពោះការកែទម្រង់ច្បាប់នេះ ដោយថែមទាំងបានសម្រេចរំលាយគណបក្សប្រឆាំង Move Forward កាលពីពេលថ្មីៗនេះ ដោយសារគណបក្សនេះបានដាក់ចេញគោលនយោបាយស្នើកាត់បន្ថយទោសទណ្ឌនៃមាត្រា ១១២។

គួរបញ្ជាក់ថា នៅក្នុងសង្គមថៃ ស្ថាប័នព្រះមហាក្សត្រមានឥទ្ធិពលយ៉ាងខ្លាំង ខណៈច្បាប់ប្រមាថព្រះមហាក្សត្រនេះ កំណត់ទោសជាប់ពន្ធនាគារពី ៣ ទៅ ១៥ ឆ្នាំ ក្នុងមួយករណី។ អាជ្ញាធរថៃបានបកស្រាយច្បាប់នេះយ៉ាងទូលំទូលាយ ដោយរាប់បញ្ចូលទាំងការរិះគន់រាជវង្ស ឬសូម្បីតែសត្វសុនខរបស់ព្រះមហាក្សត្រ ដែលបណ្ដាលឱ្យមនុស្សជិត ៣០០ នាក់ (ក្នុងនោះមានអនីតិជន ២០ នាក់) ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ខណៈសកម្មជនមួយចំនួនទៀតត្រូវបង្ខំចិត្តភៀសខ្លួនទៅស្វែងរកសិទ្ធិជ្រកកោននៅបរទេស៕

Khcct banner

អត្ថបទទាក់ទង