Khmer suport khmer cc time

កូរ៉េខាងជើង ថាត្រូវតែពង្រឹងសមត្ថភាពនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្រោយអាម៉េរិក-កូរ៉េខាងត្បូងបញ្ចប់សមយុទ្ធ Iron Mace

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងថា សមយុទ្ធយោធារួមគ្នា «Iron Mace» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា គឺជាការហ្វឹកហាត់សម្រាប់សង្គ្រាមនុយក្លេអ៊ែរដែលតម្រង់ទិសដៅមកលើប្រទេសខ្លួន។ សមយុទ្ធនេះមានគោលបំណងរួមបញ្ចូលសមត្ថភាពនុយក្លេអ៊ែររបស់អាម៉េរិក ជាមួយនឹងកងកម្លាំងយោធាធម្មតារបស់កូរ៉េខាងត្បូងដែលបានបង្កការគំរាមគំហែងដ៏ឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងបានព្រមានថាការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែខ្លាំងគឺគ្មានអ្វីអាចមកបញ្ឈប់បានឡើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា នេះ។

បើតាមលោក គីម ជុងស៊ីក (Kim Jong Sik) អនុប្រធាននាយកដ្ឋាននៃគណបក្សពលករកូរ៉េខាងជើង បានលើកឡើងថា សមយុទ្ធនេះបានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិកនៅតែប្រកាន់ជំហរមិនប្រែប្រួលក្នុងការគាបសង្កត់កូរ៉េខាងជើងដោយប្រើអាវុធនុយក្លេអ៊ែរ ហើយការគំរាមកំហែងនេះកំពុងកើនឡើងជាលំដាប់។ លោកបានសង្កត់ធ្ងន់ថា ស្ថានការណ៍នេះបានបង្ខំឱ្យកូរ៉េខាងជើងចាំបាច់ត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង និងអភិវឌ្ឍកងកម្លាំងទប់ស្កាត់ដោយនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែលឿនជាងមុន។

អ្នកវិភាគបានកត់សម្គាល់ថា វាជារឿងមិនធម្មតាទេដែលលោក គីម ជុងស៊ីក ដែលជាមន្ត្រីសំខាន់ទទួលបន្ទុកត្រួតពិនិត្យការអភិវឌ្ឍ និងផលិតកម្មនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍កំណត់គោលនយោបាយនុយក្លេអ៊ែររបស់ប្រទេសខ្លួនបែបនេះ។ ជាធម្មតា តួនាទីនេះតែងតែត្រូវបានអនុវត្តដោយក្រសួងការពារជាតិ ឬក្រសួងការបរទេស។

ជាមួយគ្នានេះដែរលោក យ៉ាង មូជីន (Yang Moo-jin) សាស្ត្រាចារ្យកិត្តិយសនៅសាកលវិទ្យាល័យសិក្សាអំពីកូរ៉េខាងជើង បានវាយតម្លៃថា តួនាទីរបស់លោក គីម ជុងស៊ីក អាចត្រូវបានពង្រីកបន្ថែមលើសពីការផលិតមីស៊ីល ទៅដល់ការកំណត់គោលនយោបាយនុយក្លេអ៊ែរ និងមីស៊ីលទាំងមូល។

គួររម្លឹកថាភាពតានតឹងរវាងកូរ៉េទាំងពីរបានកើនឡើង បន្ទាប់ពីមានហេតុការណ៍ផ្ទុះមីននៅតាមព្រំដែនកាលពីខែកញ្ញា៕

Khcct banner

អត្ថបទទាក់ទង